(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញរូបភាពអភិវឌ្ឍនានា នៅបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា ដោយលើកឡើងថា រាជរដ្ឋាភិបាល បាននិងបន្តកសាងផ្លូវ ផ្ទះ ជីកអណ្តូង នៅតាមបណ្តោយព្រំដែននៅភូមិភាគឦសាន ពោលក្នុងខេត្តចំនួន៤ នៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ចំនួន ១៦ឆ្នាំមកហើយ។
លោក ជា សុផារ៉ា បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងបន្តកសាងផ្លូវ ផ្ទះ ជីកអណ្តូង នៅតាមបណ្តោយព្រំដែននៅភូមិភាគឦសាន ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ចាប់តាំងពីពេលចាប់ផ្តើម ឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន មានរយ:ពេល ១៦ ឆ្នាំហើយ»។
សាររបស់លោក ជា សុផារ៉ា បានបង្ហាញឡើងបន្ទាប់មានចលនាបំភ្លៃថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម មិនមានប្រយោជន៍ដល់កម្ពុជាទេ ហើយថានេះជាគម្រោងកាត់ដីឲ្យវៀតណាមផងដែរ។ ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសចលនាឱ្យប្រឆាំងចំពោះគម្រោងនេះ ហើយទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តីី មានយុវជន ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានជាច្រើន បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយសារតែជាការអភិវឌ្ឍពិតប្រាកដ នាំឱ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នោះល្អប្រសើរ។
ទាក់ទងនឹងការអភិវឌ្ឍបណ្តាខេត្តនៅតំបន់ត្រីកោណនេះ រាជរដ្ឋាភិបាល បានបញ្ជាក់ហើយបញ្ជាក់ទៀតថា គឺរដ្ឋាភិបាលបានប្រើប្រាស់ថវិកាខ្លួនឯងផ្ទាល់ ដើម្បីអភិវឌ្ឍបណ្តាខេត្តកម្ពុជានៅតំបន់នេះ តាំងពីដើមមក ធ្វើឲ្យមានហេដ្ឋារចនាសម្ព័ន្ធ មិនថា សាលារៀន មន្ទីរពេទ្យ ផ្លូវ អគ្គិសនី ទឹកឡើយ។ និយាយរួម ប្រទេសទាំង៣ គឺអភិវឌ្ឍបណ្តាខេត្តរបស់ខ្លួនរៀងៗខ្លួន ដើម្បីបង្កើនសក្តានុពល ដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ល៕