(ភ្នំពេញ)៖ ភិក្ខុ គូ សុភាព អ្នកជំនាញផ្នែកការនិយាយជាសាធារណៈដ៏ល្បីល្បាញមួយរូប ក្នុងសង្គមកម្ពុជា បានមានសង្ឃដីកាថា បើមានសង្គ្រាមស៉ីវិលនោះ អំពើប្រល័យពូជសាសន៍ នឹងកើតឡើងម្តងទៀត។ ហេតុនេះហើយ ព្រះអង្គបានជំរុញដល់យុវជន សិក្សាពីរបបខ្មែរក្រហម ឲ្យបានផុលផុស ដើម្បីការពារកុំឲ្យអំពើប្រល័យពូជសាសន៍ កើតឡើងម្តងទៀត។
ព្រះអង្គមានសង្ឃដីកាបែបនេះ ក្នុងឱកាសនិមន្តជាវាគ្មិន ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ «យុត្តិធម៌អន្តរកាល៖ ការស្វែងយល់ពីឥទ្ធិពលនៃគោលជំនឿ លើការផ្សះផ្សារ និងការចងចាំ» ដែលត្រូវបានរៀបចំឡើងនៅសាលពហុបំណង ក្នុងបរិវេណអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
ព្រះអង្គ គូ សុភាព បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវការយុវជន ដើម្បីរៀនសូត្រពីអតីតកាល ព្រោះការចងចាំខ្លីណាស់។ យើងមិនចង់ឲ្យមានការប្រយុទ្ធគ្នា (សង្គ្រាមស៉ីវិល) កើតឡើងម្ដងទៀតទេ បើមិនអីចឹងទេ យើងនឹងរងទុក្ខ (ដោយសារការប្រល័យពូជសាសន៍) ម្ដងទៀត»។
ក្នុងនាមជាអ្នកសិក្សាមួយអង្គ ព្រះអង្គ គូ សុភាព ក៏បានសម្តែងការសោកស្ដាយដែលសម័យ ប៉ុល ពត បានកើតឡើងនៅកម្ពុជា ហើយព្រះអង្គ បានលើកទឹកចិត្តដល់ អ.វ.ត.ក ព្យាយាមធ្វើឲ្យយុវជនយកចិត្តទុកដាក់សិក្សាពីបញ្ហានេះ។ ព្រះអង្គ បានមានសង្ឃដីកាថា ព្រះអង្គមិនចង់ឃើញរឿង របប ប៉ុល ពត កើតឡើងម្តងទៀតទេ ហើយក៏មិនចង់ឲ្យប្រវត្តិសាស្ត្របែបនេះ កើតម្តងទៀតដែរ។
ព្រះអង្គ គូ សុភាព ក៏បានមានសង្ឃដីកាទៀតថា «អំពើប្រល័យពូជសាសន៍ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងសម័យខ្មែរក្រហម។ ដូច្នេះបើយើងមិនការពារ ឬរៀនពីអតីតកាល វានឹងកើតឡើងម្ដងទៀតក្នុងរយៈពេល ៥០ ឬ ១០០ ឆ្នាំទៀត»។
ព្រះអង្គ បានមានសង្ឃដីកាបន្តថា កសិដ្ឋានចិញ្ចឹមជ្រូក និងប្រាសាទនានា បានក្លាយជាពន្ធនាគារ ក្នុងសម័យខ្មែរក្រហម ហើយសម័យនោះ មិនមានព្រះសង្ឃ ឬសាសនាផ្សេងទេ៕