(កណ្ដាល)៖ គណៈបញ្ជាការឯកភាពស្រុកអង្គស្នួល បានរកឃើញសង្ឃក្លែងក្លាយ៥នាក់ កំពុងផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ យ៉ាងសប្បាយរីករាយ ហើយត្រូវបានយកខ្លួនយកមកផ្សឹកតែម្ដង។
ការរកឃើញ និងចាប់ផ្សឹកនេះធ្វើឡើងក្នុងប្រតិបត្តិការចុះធ្វើ រដ្ឋបាលនៅតាមទីកន្លែងសប្បាយ កាលពីថ្ងៃទី១២ សីហា ២០២៤កន្លងទៅនេះ នៅក្នុងផាប់ណាតូ៣៣៣ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ហើយពួកគេត្រូវបានគេស្គាល់ថា ជាលោកសង្ឃបន្លំខ្លួនជាគ្រហស្តចូលផឹកស៊ីសប្បាយខុសពីសីលធម៌សង្ឃ។ អ្នកទាំង៥នាក់គឺជាព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង១អង្គ លេខាចៅអធិការ១អង្គ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា តាមចម្លើយសារភាព ពួកគេធ្លាប់បានណាត់គ្នាស្លៀកពាក់ជាគ្រហស្ថចូលផឹកស៊ីនៅហាងខាងលើចំនួន២លើកមកហើយ ហើយកាលពីថ្ងៃកើតហេតុនោះ ពួកគេទាំង៥នាក់ បានណាត់គ្នា និងឱ្យតៃកុងឡានជូនទៅភ្នំពេញ ដើម្បីទិញតោក ទុកប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។
ក្រោយទិញបានក៏ត្រឡប់មកវិញ ក៏ប្រើឱ្យអ្នកបើករថយន្តចុះទិញស្រាបៀរ ABC ចំនួន៦កំប៉ុងផឹកទាំងអស់គ្នា ផឹករួចស្រវឹងស្រឿងៗ ក៏បបួលគ្នាដោះស្បង់ចីវរចេញស្លៀកពាក់បន្លំខ្លួនជាគ្រហស្ថ ចូលផឹកក្នុងក្លឹបណាតូ៣៣៣បន្ត និងបានផឹកអស់ស្រាបៀរABCមួយកេស កំពុងតែសប្បាយផងក៏ត្រូវសមត្ថកិច្ចចូលមកសួរនាំ និងឃាត់ខ្លួនតែម្តងទៅ។
លោក មាន សំណាង បានបន្ថែមផងដែរថា នៅពេលដែលកំពុងធ្វើរដ្ឋបាលស្រាប់តែ ប្រទះឃើញភ្ញៀវចំនួន៦នាក់ ហើយដោយមានការសង្ស័យថាជាព្រះសង្ឃបន្លំខ្លួន ក៏សួរនាំទើបពួកគេឆ្លើយថា ជាព្រះសង្ឃបន្លំខ្លួនប្រាកដមែន រួមមាន៖
ទី១៖ ឈ្មោះ ថុល វិច្ឆិកា ហៅទិ អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត
ទី២៖ ឈ្មោះ អ៊ុន រិទ្ធី អាយុ៣៧ឆ្នាំ (លេខាក្នុងវត្ដតាភេម រាជធានីភ្នំពេញ)
ទី៣៖ ឈ្មោះ ញែម សុខ អាយុ៣២ឆ្នាំ (ចៅអធិការស្ដីទីវត្ដត្រពាំងក្រឡឹង ខេត្ដកំពង់ស្ពឺ)
ទី៤៖ ឈ្មោះ ជ័យ ចាន់ភក្តី អាយុ២៥ឆ្នាំ (គ្រូសូត្រឆ្វេង វត្ដត្រពាំងក្រឡឹង ខេត្ដកំពង់ស្ពឺ)
ទី៥៖ ឈ្មោះ យ៉ន មន អាយុ៣០ឆ្នាំ (ចៅអធិការស្ដីទីធម្មត្រ័យ ខេត្ដកំពង់ស្ពឺ)
ទី៦៖ ឈ្មោះ ខាន់ ភ័ក្រ្ត អាយុ៣១ឆ្នាំ (ចៅអធិការស្ដីទី វត្ដកំពូលពេជ្រ ខេត្ដកំពង់ស្ពឺ)។
បន្ទាប់ពីឃាត់ខ្លួន ក៏នាំយកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសួរនាំបន្ថែម ហើយក្រោយពីធ្វើការផ្សឹកពួកគេទាំងអស់គ្នា ត្រូវបានឃាត់ខ្លួនធ្វើការអប់រំរយៈពេល៤៨ម៉ោង ដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើ ដែលនាំឱ្យប៉ះពាល់ដល់សាសនា និងសង្គមជាតិ និងបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤៕