(កំពង់ធំ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងប្រតិបត្តិករល្បែងផ្សងសំណាង នៅក្នុងខេត្តកំពង់ធំ ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ស្វែងយល់ និងកំណត់ពីបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងមូលដ្ឋាន បង្កើនកិច្ចសហការនិងភាពប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការបង្ក្រាប និងទប់ស្កាត់រាល់ការប្រព្រឹត្ត ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង សាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ពេលបច្ចុប្បន្ននេះ អាជីវកម្មល្បែងសំណាង និងល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មានចំនួនសរុប៤១៨ទីតាំង ក្នុងនោះអាជីវកម្មល្បែងឆ្នោតផ្សងសំណាង និងល្បែងស៊ីសង គ្រប់ប្រភេទ ដែលមានអាជ្ញាប័ណ្ណអនុញ្ញាតស្របច្បាប់មានចំនួន៣ទីតាំង និងមិនមានអាជ្ញាប័ណ្ណចំនួន៤១៥ទីតាំង ត្រូវបានបិទជាស្ថាពរ។
លទ្ធផលការងារដែលសម្រេចបាននេះ ដោយសារតែមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផងដែរ ហើយក៏ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួម ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីភូមិឃុំមិនមានល្បែងផ្សងសំណាង និងល្បែងស៊ីសង គ្រប់ប្រភេទ។
លោក រស់ ភីរុណ បានលើកឡើងថា អាជីវកម្មល្បែងផ្សងសំណាង ត្រូវបានរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ វិនិយោគិនសម្រាប់អភិវឌ្ឍន៍ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដើម្បីអាច ដំណើរការអាជីវកម្មល្បែងផ្សងសំណាងដោយស្របច្បាប់ អ្នកវិនិយោគ តម្រូវឱ្យស្នើសុំគោលការណ៍ អភិវឌ្ឍន៍ល្បែងផ្សងសំណាង (ស.ជ.ណ) ជាមុនពីនាយករដ្ឋមន្ត្រី រួចទើបមកស្នើសុំអាជ្ញាបណ្ណ ល្បែងផ្សងសំណាង និង/ឬអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវា ល្បែងផ្សងសំណាង ពី គ.ល.ក. ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ទីតាំង ពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារបច្ចេកទេសតម្រូវផ្សេងៗទៀត ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕