(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖
«លោកជំទាវ ជាទីគោរពរាប់អាន!
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីពេលថ្មីៗនេះ។ ភាពជោគជ័យ របស់ លោកជំទាវ ក្នុងការ ទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំនិងការលះបង់ដ៏ពិសេសរបស់ លោកជំទាវ ចំពោះបុព្វហេតុជាតិ និងប្រជាជនរបស់ លោកជំទាវ។
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ ត្រូវបានបន្តពង្រឹងនិង ពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ជាពិសេស សហគមន៍ អាស៊ានរបស់យើង។ ក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា យើងបានសហការគ្នាលើបញ្ហាផ្សេងៗ ដែល ជាផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីថ្មីរបស់ លោកជំទាវ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកជំទាវ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរបស់យើង លើគ្រប់វិស័យ ដើម្បីបង្កើតសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅ មកជូនប្រជាជាតិ និងប្រជាជនយើងទាំងពីរ។
ខ្ញុំ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធិជាមួយ លោកជំទាវ និងសភានៃព្រះរាជាណាចក្រថៃ ជាពិសេស ព្រឹទ្ធសភា ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភានៃប្រទេសយើងទាំងពីរ។
សូម លោកជំទាវ ទទួលនូវការគោរពរាប់អាន និងសព្ទសាធុការពរពីខ្ញុំ សូម លោកជំទាវ មានសុខ ភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ»។
សូមបញ្ជាក់ថា រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហានេះ បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។
អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប៤៩៣នាក់ ដែលចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យអ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី២របស់ថៃ បន្ទាប់ពីលោកស្រី Yingluck ផងដែរ ហើយថែមទាំងជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគ្រួសារ Shinawatra បន្ទាប់ពីលោក Thaksin លោកស្រី Yingluck និងលោក Somchai Wongsawat ដែលត្រូវជាពូសាច់ថ្លៃរបស់អ្នកស្រី Paetongtarn៕