(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចស្រេចដើម្បីទប់ស្កាត់ក្រុមចលនាជ្រុលនិយម ដែលគ្រោងធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាល នាថ្ងៃ១៨ ខែសីហា ខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។
ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨ ខែសីហានេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនឲ្យកើតមានចលនាជ្រុល និយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ភាគរយ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងភូមិសាស្ត្រ ខណ្ឌទាំង១៤ ហើយក្រុមការងារនេះមានសមាសភាពចូលរួមដូចខាងក្រោម៖
*ទី១៖ ក្រុមការងារល្បាត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖
ក-ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន២ក្រុម ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។
*ទី២៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង។ ក្រុមទាំងពីរនេះ មានភារកិច្ច ប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ជួបជុំគ្នា នៅមុខកីឡដ្ឋានជាតិមរតតេជោ (មហាវិថីឈ្នះឈ្នះ) សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើការល្បាត នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមដងផ្លូវនានា ដោយកាត់តាម គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក៏ដូចជាភូមិសាស្ត្រស្មុគស្មាញ និងតាមបណ្តាសំណង់មិនរៀបរយនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន០២ដង ក្នុង១ថ្ងៃគឺ ពេលព្រឹក ចាប់ពីម៉ោង ០៨:៣០នាទី តទៅ និងពេលយប់ ចាប់ពីម៉ោង ១៩:០០នាទីតទៅ។
ដោយឡែកក្នុងករណីមានការសង្ស័យ អំពីមានការប្រមូលផ្តុំ ឬតវ៉ា នៅត្រង់ចំណុចទីតាំង ឬដងផ្លូវណាមួយនោះ ត្រូវចាត់វិធានការឃាត់ខ្លួន និងរាយការណ៍ជូនមកលោកអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ដឹកនាំអនុវត្តបន្ត។
ខ-ក្រុមការងារល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដឹកនាំដោយ លោកអធិការនគរបាលខណ្ឌ។ កងរាជអាវុធហត្ថខណ្ឌទាំង១៤ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ ដឹកនាំដោយលោកប្រធានប្រជាការពារខណ្ឌ៕