(ពោធិ៍សាត់)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនបុរសម្នាក់ទៀតនៅស្រុកក្រគរ ពាក់ព័ន្ធរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ ដោយញុះញង់បង្កចលាចលសង្គម តាមរយៈការរួមគំនិតចូលរួមកុបកម្មដោយខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីថ្លែងការណ៍របស់តំណាងអយ្យការខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនឈ្មោះ សន ច័ន្ទសាន ហៅ ញ៉ង អាយុ៣១ឆ្នាំ ដែលបានសរសេរអត្ថបទក្នុងន័យកៀរគរ មហាជនឱ្យចូលរួមបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាជាឯកសារដែលមាននៅក្នុងសំណុំរឿងវត្ថុតាងដែលបានដកហូត, តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥ឆ្នាំ ដល់១០ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុក ជា នៅចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ៕