(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសហគ្រិន អាជីវករ ពាណិជ្ជករ បន្តថែរក្សាសន្តិភាព សាមគ្គីភាព សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពសេដ្ឋកិច្ច។
តាមរយៈបណ្តាញព័ត៌មាន Fresh News ឧកញ៉ា ប៉ិច បូឡែន បានលើកឡើង ដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
នៅអំឡុងពេល និងបន្ទាប់ពីវិបត្តិកូវីដ១៩ ប្រទេសកម្ពុជា ជាប្រទេសមួយដែលលេចធ្លោក្នុងតំបន់ និងក្នុងពិភពលោកលើការទប់ស្កាត់ការរីករាលដាល និងការចាក់វ៉ាក់សាំងការពារជំងឺកូដ១៩ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចតាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងជំរុញអាជីវកម្ម-ពាណិជ្ជកម្មក្នុងស្រុក រួមទាំងទាក់ទាញការវិនិយោគមកពីក្រៅស្រុក។
អ្នកវិនិយោគបរទេស ក៏បានចាត់ទុក កម្ពុជា ជាប្រទេសគោលដៅវិនិយោគដែលមានសក្តានុពលជាងគេក្នុងតំបន់ ដោយសារហេតុផលសំខាន់ៗមួយចំនួន ដូចជា ស្ថិរភាពនយោបាយ សន្តិភាពពេញលេញ សន្ទុះលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យនានា កំណែទម្រង់រដ្ឋបាលសាធារណៈ ការឆ្លុះបញ្ចាំង និងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ច្បាប់ និងគោលការណ៍គាំទ្រវិស័យឯកជន ព្រមទាំងការបណ្តុះបណ្តាលជំនាញដើម្បីបង្កើនផលិតភាពការងារ និងឱកាសការងារសម្រាប់យុវជនជំនាន់ក្រោយ។
ក្នុងរយៈពេលប្រហែល១មួយឆ្នាំនៃនីតិកាលរដ្ឋសភាអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានសិក្សាឈ្វេងយល់ពីតម្រូវការរបស់ប្រជាជន និងចំណុចគន្លឹះ ដើម្បីស្តារសេដ្ឋកិច្ចប្រទេស ជាពិសេសសំដៅលើការលើកកម្ពស់ជីវភាពប្រជាជន ហើយបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីដាក់ចេញនូវគោលនយោបាយអាទិភាព និងរួមគ្នាជំរុញអាជីវកម្មក្នុងស្រុក ព្រមទាំងទាក់ទាញការវិនិយោគមកពីក្រៅប្រទេសបានយ៉ាងមានប្រសិទ្ធភាព។ ជាលទ្ធផល បរិយាកាសធុរកិច្ចកាន់តែប្រសើរសម្រាប់អ្នករកស៊ីក្នុងស្រុក និងកាន់តែទាក់ទាញសម្រាប់អ្នករកស៊ីពីក្រៅប្រទេស រួមមានទាំងក្រុមហ៊ុនធំៗជាច្រើនបានសម្រុកដណ្តើមគ្នាមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមយុទ្ធសាស្រ្តសេដ្ឋកិច្ចគន្លឹះទាំងនោះ រួមមាន ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន តាំងតែពីឆ្នាំ១៩៩៩ និងទទួលបានការគាំទ្រពីរដ្ឋសភាតាំងតែពីពេលនោះ ព្រមទាំងទទួលបានការសាទរពីសំណាក់អ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ព្រោះយុទ្ធសាស្រ្តនេះមិនត្រឹមតែបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អសម្រាប់អាជីវកម្ម និងពាណិជ្ជកម្មតែប៉ុណ្ណោះនោះទេ តែសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនឱកាសការងារ ជាពិសេសគាំទ្រដល់កំណើនជីវភាពធូរធារបស់ប្រជាជនក្នុងខេត្តទាំង៤នេះតែម្តង។
ក្នុងនាមខ្ញុំផ្ទាល់ ជាពាណិជ្ជករម្នាក់ និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមទាំងក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកាទាំង ៦០០នាក់ តំណាងឱ្យ ១៨០០ក្រុមហ៊ុននៅទូទាំងប្រទេសកម្ពុជា មានភាពជឿជាក់យ៉ាងមុតមាំ និងមានសុទិដ្ឋិនិយមខ្ពស់លើយុទ្ធសាស្រ្ត គោលនយោបាយ និងសន្ទុះប្រតិបត្តិការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលសេដ្ឋកិច្ចដែលបានបន្សល់ទុកជូនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាឥស្សរជន ជាថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ សមាគមសហគ្រិនវ័យក្មេងនឹងសិក្សាធ្វើមគ្គុទេសវិនិយោគតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងគណអភិបាលខេត្តទាំង៤។
ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនធូរធា សង្គមជាតិសម្បូរសប្បាយ យើងត្រូវការជាចាំបាច់នូវសន្តិភាពពេញលេញ សណ្តាប់ធ្នាប់ សន្តិសុខសង្គម ស្ថិរភាពនយោបាយ ដើម្បីលើកទឹកចិត្ត និងធានាសុវត្ថិភាពផ្លូវចិត្តរបស់អ្នកប្រកបអាជីវកម្ម រកស៊ីទាំងក្នុងស្រុក និងក្រៅស្រុក។ យើងបានឃើញជាគំរូជាច្រើនរួចមកហើយ ដែលប្រទេសខ្លះមានសក្តានុពលអភិវឌ្ឍន៍ខ្ពស់ ប៉ុន្តែសេដ្ឋកិច្ចងើបមិនរួច ដោយសារតែមិនមានសន្តិភាព ឬអស្ថិរភាពនយោបាយនេះឯង។ រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងមមាញឹកពិភាក្សា ស្វែងរកយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា ស្តារអាជីវកម្មក្នុងស្រុក និងទាក់ទាញវិនិយោគិនមកពីក្រៅស្រុក ដើម្បីបង្កើនការងារជូនប្រជាជន។
ប៉ុន្តែពេលនេះ ចង់ ឬមិនចង់ រាជរដ្ឋាភិបាលត្រូវចំណាយពេលងាកមកយកចិត្តទុកដាក់លើការទប់ទល់នឹងចរន្តនយោបាយពង្វក់អារម្មណ៍មិនល្អពីសំណាក់អ្នកនយោបាយនិរទេសខ្លួន ដោយប្រើយុទ្ធសាស្ត្រខ្មៅកខ្វក់ គឺខ្លួនមិនអាចខ្ពស់ ក៏ព្យាយាមទាញគេចុះ ហើយបងប្អូនប្រជាជនយើងមួយចំនួនតូច ដែលខ្វះព័ត៌មានពិត និងជឿស្លុងលើការឃោសនា និយាយបង្ខូច និយាយមិនពិត ក្នុងចេតនាបន្ទុចបង្អាក់សន្ទុះអភិវឌ្ឍ និងប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលទង្វើនេះអាចនាំទៅដល់ការបាត់បង់សន្តិភាពដ៏ពេញលេញ ដូចពេលបច្ចុប្បន្ននេះ ដែលជាមូលដ្ឋានដ៍សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។
ខ្ញុំសូមអំពាវនាវដល់សហគ្រិនវ័យ អាជីវករ ពាណិជ្ជករ និងប្រជាជនទាំងអស់ សូមបន្តផ្តល់ទំនុកចិត្ត និងរួមគ្នាជាមួយរាជរដ្ឋាភិបាល រក្សាម្លប់សន្តិភាព រក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីយើងអាចបន្តធានាបាននូវបរិយាកាសធុរកិច្ចកាន់តែប្រសើរ ឆ្ពោះទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រទេសជាតិ ជីវភាពប្រជាជនល្អប្រសើរ សង្គមជាតិរីកចម្រើន ដូចដែលប្រជាជនខ្មែរយើងទាំងអស់គ្នាចង់បាន។
ជាពិសេសក្នុងនាមជាធុរជន អាជីវករ ពាណិជ្ជករ និងប្រជាជនខ្មែរគ្រប់រូប យើងគួរនាំគ្នាគិតគូរ សិក្សាស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចរបស់គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយរួមគ្នាក្នុងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកៀរគរការវិនិយោគ បង្កើតគម្រោងអភិវឌ្ឍន៍ បង្កើតអាជីវកម្ម-ពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាពិសេស តាមតំបន់ព្រំដែន និងក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាតំបន់អភិវឌ្ឍនានា ដើម្បីសម្រេចឱ្យបានរួមគ្នានូវកំណើនសេដ្ឋកិច្ចជាតិ បូរណភាពដែនដី អធិបតេយ្យភាពជាតិ និងភាពជាម្ចាស់ការនៃជោគវាសនារបស់ប្រទេសយើង៕