(ភ្នំពេញ)៖ លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងអមដំណើរដោយលោក សំហេង បុរស អគ្គលេខាធិការរង ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទេស ហេង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ទេស ហេង ទីប្រឹក្សាគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ និងសមាជិកគណៈអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០០នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពតម្តល់ធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុខគិរីសោភ័ណ្ឌ ហៅវត្តកប់ស្រូវ ស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកឯកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង១០០ថ្ងៃ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវត្តសុខគិរីសោភ័ណ្ឌ ហៅវត្តកប់ស្រូវ ស្ថិតនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សូមនិមន្ត គោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមបុណ្យ ដោយសេចក្តីគោរព៕