(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៦០នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។


នេះជាបេសកកម្មចុះតាមបណ្តាលខេត្តលើកទី៥ហើយ របស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍ត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តសៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។ 

សម្រាប់បេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា រួមជាមួយអ្នកសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់ រហ្សសនាមថាជា «បុប្ផាលាក់ខ្លួន»។ បើតាមលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។

សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង។ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មានរំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយនឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែក យ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

ក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា មានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះមាន ព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ខេត្តបាត់ដំបង និងជាប់ជាមួយប្រទេសថៃផងដែរ។

ដោយសារតែខេត្តពោធិ៍សាត់ ជាខេត្តមួយជាប់ជាមួយបឹងទន្លេសាប និងជួរភ្នំក្រវាញនោះ បានធ្វើឱ្យខេត្តនេះមានអំណោយផលខ្ពស់សម្រាប់វិស័យទេសចរណ៍បែបធម្មជាតិ ទាំងការទស្សនាចរណ៍នៅលើផ្ទៃបឹងទន្លេសាប និងសម្រស់ធម្មជាតិនៅតាមខ្នងភ្នំ ទឹកជ្រោះជាដើម។

សម្រាប់នៅតាមតំបន់ភ្នំវិញ គេអាចទៅទស្សនាទឹកជ្រោះ ល្អាង ព្រៃព្រឹក្សា និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅអូរសោមជាដើម។ នៅអូរសោមដែលជាតំបន់ទេសចរណ៍លើខ្នងភ្នំនេះ គេអាចទៅទស្សនាសម្រស់បឹងដ៏ធំ ទំនប់វារីអគ្គិសនី ទឹកជ្រោះ និងតំបន់ទេសចរណ៍វប្បធម៌មួយចំនួនទៀត។

ក្រៅពីការទស្សនាតំបន់ធម្មជាតិហើយនោះ ខេត្តពោធិ៍សាត់ដែលប្រភពនៃផ្លែក្រូចពោធិ៍សាត់នោះ អ្នកទេសចរក៏អាចទៅទស្សនាចំការក្រូចពោធិ៍សាត់ ក៏ដូចជាចំការទុរេន ចំការម្នាស់ តាង៉ែន ប័រ និងស្ត្រប័ររីផងដែរ។ បន្ថែមពីលើនេះ បច្ចុប្បន្នផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ភ្ជាប់ទៅព្រំដែនថ្មដា ក្នុងស្រុកវាលវែង ប្រជាងជិត ២០០គីឡូម៉ែត្រ ដែលមានសាងសង់ឡើងព្រៃធម្មជាតិ និងបត់បែននៅតាមចង្កេះភ្នំ ក៏កំពុងក្លាយជាកន្លែងទាក់ទាញអ្នកទេសចរផងដែរ។

ដោយសារភាពអំណោយផលផ្នែកទេសចរណ៍បែបធម្មជាតិនេះ បានធ្វើឱ្យខេត្តពោធិ៍សាត់កំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនផងដែរ៕