(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្សសរុបចំនួន១៣៣រូប (ស្រី១៦នាក់) នៅវិមាន ៧មករា។
នៅក្នុងបាឋកថា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបែងចែកជាពីរផ្នែកសំខាន់ៗ ដែលផ្នែកទី១ បានរំលឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលបានក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។
លោកបានបន្តថា ក្រសួងមុខងារសាធារណៈ បានសម្រេចបានសមិទ្ធផលជាច្រើនក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួង។
ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ជាពិសេសការជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិថ្មី ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន៨ដងរួចមកហើយ ជាពិសេសការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ដែលមានបេក្ខជនចូលរួមដាក់ពាក្យរហូតដល់ជាង ៦ម៉ឺននាក់ ដែលក្នុងនោះបេក្ខជនចំនួន៣៨,១៦៨នាក់ មានសិទ្ធចូលរួមប្រឡងប្រជែង ដែលមកពី២៥រាជធានី-ខេត្ត ឬ២០៥/២០៩ក្រុង-ស្រុក ឬស្មើនឹង ១,៥៩៩/១,៦៥២ឃុំ-សង្កាត់ ហើយពេលនេះកំពុងឈានដល់ការកែសន្លឹកកិច្ចការដើម្បីជ្រើសរើសក្របខណ្ឌ ចំនួន ១,៣៤៧នាក់។ ចំនួនដ៏ច្រើននេះ បានបង្ហាញពីការចាប់អារម្មណ៍ និងការចង់ក្លាយខ្លួនជាមន្ត្រីរាជការ ពីយុវជន និងបង្ហាញពីការជឿទុកចិត្តមកលើការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ លោកត្រូវតែប្រែក្លាយចក្ខុវិស័យរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យក្លាយទៅជាលទ្ធផល និងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងជំនឿទុកចិត្តពីអង្គបោះឆ្នោតមកលើគណបក្សប្រជាជនកម្ពុជា។
ក្នុងផ្នែកទី២ លោកបានណែនាំដល់សិក្ខាកាមទាំងអស់ ឲ្យស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់បក្ស ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង ការពាសុខសន្តិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយប្រជាជន និងផ្តល់សេវាកាន់តែល្អប្រសើរជូនប្រជាជន ដើម្បីប្រជាជនមានភាពជឿជាក់មកលើគណបក្សប្រជាជកម្ពុជា និងបន្តរក្សាជំនឿទុកចិត្តរបស់ប្រជាជនដែលកម្មាភិបាលគណបក្សបានសាង និងបន្សល់ទុកឲ្យ។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមអំពីមតិប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV) និងរំលេចអំពីការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ របស់សម្តេចតេជោ សម្តេចធិបតី និងក្រសួងពាណិជ្ជកម្ម អំពីប្រវត្តិ ដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការនេះ សម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ពុំមែនដូចពាក្យញុះញង់អុចអាលរបស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាបង្កភាពវឹកវរ និងបំភ្លើសចោទថា រាជរដ្ឋាភិបាលកម្ពុជា កាត់ទឹកដីឲ្យប្រទេសជិតខាងនោះឡើយ៕