(ពោធិ៍សាត់)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនបុរសម្នាក់នៅស្រុកវាលវែង ពាក់ព័ន្ធរួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ ដោយញុះញង់បង្កចលាចលសង្គម តាមរយៈការរួមគំនិតចូលរួមកុបកម្មដោយខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលប្រព្រឹត្តនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោង កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្រោយពីបានសួរចម្លើយជនសង្ស័យ ពិនិត្យភស្តុតាងនានាជាឯកសារ ដែលមាននៅក្នុងសំណុំរឿង វត្ថុតាងដែលបានដកហូត តំណាងអយ្យការបានសម្រេចចោទប្រកាន់ លើជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២៦៦០អក/២៤ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ជនសង្ស័យនេះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលប្រព្រឹត្តនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួន ម្ចាស់គណនីហ្វេសប៊ុក ដែលប្រើប្រាស់ដោយឈ្មោះ សុក ជា នៅចំណុចច្រកព្រាល ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕