(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានទម្លាយឯកសារដែលមានគណបក្សប្រឆាំង ចូលរួមគាំទ្រគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈ Facebook បានលើកឡើងដោយដកស្រង់ប្រភពពី លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅឆ្នាំ២០១៥ យ៉ាងដូច្នេះថា៖
ខ្ញុំបានដឹកនាំគណ:កម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណ:កម្មការអន្តរសភាកម្ពុជា ឡាវ វៀតណាម ទៅចូលរួមកិច្ចប្រជុំ CLV នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។
នៅក្នុងគណ:ប្រតិភូ មានសមាជិក៣រូបមកពីគណបក្សសង្គ្រោះជាតិ៖ លោក កៃវ ភិរម្យ លោក ញ៉យ ចំរើន លោក គី វាណ្ណដារ៉ា សម្រាប់រដ្ឋសភា អាណត្តិទី៥។
មិនត្រឹមតែគណបក្ស សម រង្សី ទេដែលបានចូលរួមការងារ CLV សូម្បីតែគណបក្សសង្គ្រោះជាតិពេលនោះក៏បានចូលរួមដែរ។ ម្តេចបានជាគ្មានការតវាអ្វីសោះនៅពេលនោះ ហើយទើបតែមកភ្ញាក់ផ្អើលនៅពេលនេះ។ មេឃដូចមិនស្រឡះសោះ ក្នុងរឿងនេះ។ ឈប់បោកយុវជន ឈប់បោកប្រជាពលរដ្ឋទៀតទៅ៕