(តាកែវ)៖ កងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ត្រៀមលក្ខណ:រួចរាល់ហើយ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិភាព និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់។
ការអនុវត្តនេះ គឺតបតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងអស់ចូលរួមត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព និងទប់ស្កាត់ចលនាដែលនាំទៅការបង្កអសន្តិសុខសង្គមនានា។
លោកអធិការដ្ឋាននគរបាលស្រុកបាទី ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំឱ្យមានទុក្ខទោសដល់ខ្លួន៕