(ភ្នំពេញ)៖ គណៈប្រតិភូ នៃសភាបណ្តាប្រទេសសមាជិកសភាតំបន់អាស៊ី(APA)មួយចំនួន បានចាប់ផ្តើមធ្វើដំណើរប្រទេសកម្ពុជាជាបណ្តើរៗហើយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកិច្ចប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជា ទទួលរៀបចំនៅ ថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា នៃកម្ពុជា បានរងចំាទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈប្រតិភូទំាងអស់។ ក្នុងចំណោមគណៈប្រតិភូបរទេស ដែលបានអញ្ជើញមកដល់កម្ពុជា រហូតមដល់ពេលនេះ រួមមាន លោក Musuod Islami អគ្គលេខាធិការស្តីទីរបស់ APA ប្រចាំ ទីក្រុងតេអេរ៉ង់ និងសហការី និងគណៈប្រតិភូប្រទេសមួយចំនួនដូចជា ប្រទេសអ៊ីរ៉ាក់ ប្រទេសស្រីលង្កា យូណាយធីតអារ៉ាប់អេមឺរ៉េត ជាដើម។ ចំណែកគណៈប្រតិភូប្រទេសផ្សេងៗទៀតនឹងអញ្ជើញមកកម្ពុជា ជាបន្តបន្ទាប់នៅថ្ងៃអាទិត្យទី២៥ ខែកញ្ញានេះ។
គណៈប្រតិភូចំនួន ២១ប្រទេស ក្នុងចំណោមប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ី ចំនួន៤២ នឹងចូលរួមកិច្ចប្រជុំ ដែលសភាកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅពេលនេះ រួមមាន ប្រទេសអាហ្គានីស្ថាន, បារ៉ែន, បង់ក្លាដែស, ប៊ូតាន, កម្ពុជា, ចិន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, កាហ្សាស្ថាន, គុយវ៉ែត, ឡាវ, ប៉ាគីស្ថាន,ប៉ាឡេស្ទីន, រុស្សី, ស្រីលង្កា, សោឌីអារ៉ាប់បី, ថៃ, ទួគី, យូណាយធីតអារ៉ាប់អេមឺរ៉េត និងវៀតណាម ជាដើម។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃសភាតំបន់អាស៊ី គឺជាកិច្ចប្រជុំសំខាន់មុននឹងឈាន ដល់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។
ការទទួលរៀបចំកិច្ចប្រជុំសភាតំបន់អាស៊ីនៅពេលនេះ គឺជាការចូលរួម ចំណែកយ៉ាងសំខាន់របស់សភាកម្ពុជា ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជាពិភពលោក តាមយន្តការស្ថាប័នសភា៕