(សេអ៊ូល)៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងមួយរូប បានឱ្យដឹងថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ ជុំវិញការជ្រើសរើសទីលានវាយកូនហ្គោលមួយកន្លែង សម្រាប់ធ្វើជាទីតំាងតម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD។ នេះបើយោងតាមការចុះផ្សាយដោយសារ ព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែល បញ្ជាក់ទៀតថា ការវាយតម្លៃលើទីតំាងចំនួនបីកន្លែងដែលនឹងត្រូវដាក់ពង្រាយព្រ័ន្ធការពារ មីស៊ីល THAAD គឺ ស្ថិតនៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang បានបញ្ចប់ស្ទើរតែទំាងស្រុងហើយ រីឯការប្រកាសជាផ្លូវការអាចនឹងត្រូវធ្វើឡើងនៅមុនចុងខែកញ្ញានេះ ពោលគឺនៅបន្ទាប់ពីយោធាកូរ៉េខាងត្បូង ជូនដំណឹងដល់ប្រជាជននៃតំបន់ Seongju និង ក្រោយពេលដែលសវនកម្មសភា លើក្រសួងការពារជាតិ និង គណៈកម្មាធិការប្រធានសេនាធិការអន្តរយោធា (JCS) ត្រូវបញ្ចប់នៅថ្ងៃ ពុធ សប្ដាហ៍ក្រោយនេះ។
ដោយឡែក បើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទីលានវាយកូហ្គោល Lotte Skyhill Country Club ស្ថិតនៅចំងាយ១៨គីឡូម៉ែត្រ ពីភាគខាងជើងតំបន់ Seongju នឹងត្រូវបានជ្រើសរើសជាទីតំាង តម្លើងប្រព័ន្ធ ខែលការពារមីស៊ីល THAAD។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺថាប្រជាជននៅក្នុងតំបន់បាននំាគ្នាជំទាស់រួចជា ស្រេចនឹងគម្រោងនេះ ដោយព្រមានថា ពួកគេនឹងធ្វើបាតុកម្មតវ៉ាក្នុងករណីទីលានវាយកូនហ្គោលខាងលើត្រូវ បានគេជ្រើសរើសមែននោះ។ ម្យ៉ាងវិញទៀត ការទិញយកទីលានវាយកូនហ្គោល Lotte Skyhill Country Club ក៏ជាឧបសគ្គមួយដែរ ត្បិតអី សភាកូរ៉េខាងត្បូង នឹងត្រូវអនុម័តលើកញ្ចប់ថវិការដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈទីលានវាយកូនហ្គោលនេះ អាចមានតម្លៃដល់ទៅជាង ១០០ ពាន់លានវ៉ុន ឬស្មើនឹង៩០,៦លានដុលា្លរ អាមេរិក។
សូមជំរាបថា ចិន រុស្ស៊ី និង កូរ៉េខាងជើង បានជំទាស់យ៉ាងខ្លំាងទៅនឹងគម្រោងដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ដោយពួកគេអះអាងថាវាធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ និង មានតែធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េកាន់តែកើនឡើងប៉ុណ្ណោះ៕