(ភ្នំពេញ)៖ ភាពចម្រូងចម្រាសនៅក្នុងនយោបាយថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ម្តងហើយម្តងទៀតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ បន្ទាប់ពីបាន​​​រំលាយគណ​បក្ស Move Forward Party (MFP) និងបាន​ហាមឃាត់​សមាជិក​ជាន់ខ្ពស់​១១​រូបរបស់គណបក្ស MFP ​មិន​ឱ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ១០​ឆ្នាំ ដោយសំអាងថាគណបក្សនេះមានផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​ស្ដីពី​ការ​ការពារ​ប្រឆាំង​ការ​ប្រមាថ​ព្រះមហាក្សត្រ ដែលផែនការនេះគឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ មួយសប្តាហ៍ក្រោយមក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តុលាការធម្មនុញ្ញថៃក៏បានសម្រេចដោយសំឡេង ៥ទល់នឹង​៤ ដកលោក
សេដ្ឋា​​ ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្រ្តី ពីបទចោទប្រកាន់ថា​ លោក សេដ្ឋា បានរំលោភលើបទដ្ឋានសីលធម៌ជុំវិញការតែងតាំងលោក Pichit Chuenban អតីតទណ្ឌិត ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី។
អត្ថបទនេះនឹងពិនិត្យ (១) មូលហេតុនៅពីក្រោយការដកលោកនាយករដ្ឋមន្រ្តីសេដ្ឋាចេញពីតំណែង (២) សេណារីយ៉ូក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីជំនួសលោកសេដ្ឋា និង (៣) ជោគវាសនានៃគណៈរដ្ឋមន្ត្រីថ្មី។

១. មូលហេតុនៅពីក្រោយការដកលោកនាយករដ្ឋមន្ត្រីសេដ្ឋាចេញពីតំណែង
ភ្លាមៗបន្ទាប់ពីទទួលយកការសម្រេចរបស់តុលាការដែលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា លោក សេដ្ឋា បានលើកឡើងថា «ខ្ញុំសូមទោស ចំពោះការដែលខ្ញុំត្រូវបានចោទប្រកាន់ថាជានាយករដ្ឋមន្ត្រីដែលបានរំលោភបទដ្ឋានក្រមសីលធម៌។ ប៉ុន្តែខ្ញុំនៅតែទទូចបញ្ជាក់ថា ខ្ញុំជឿថាខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីបែបនោះទេ»។

លោក សេដ្ឋា ថាវីស៊ីន មានវ័យ ៦២ឆ្នាំ ជាអតីតមហាសេដ្ឋីអចលនទ្រព្យ ដែលកាន់អំណាចតិចជាងមួយឆ្នាំ មិនមែនជានាយករដ្ឋមន្ត្រីថៃ​ទី១ ដែលត្រូវបានដកតំណែងដោយតុលាការធម្មនុញ្ញនោះទេ។ ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ តុលាការនេះបានដកតំណែងនាយករដ្ឋមន្ត្រីចំនួន៤រូប រួមទាំងលោកសេដ្ឋាផងដែរ ដោយសំអាងលើបទចោទប្រកាន់សាមញ្ញៗ និងមិននឹកស្មានដល់។ នៅឆ្នាំ២០០៨ តុលាការធម្មនុញ្ញបានដកលោក នាយករដ្ឋមន្ត្រី Samak Sundaravej ពីតំណែងពីបទថាបានធ្វើការបង្ហាញការធ្វើម្ហូបជាសាធារណៈ និងតាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីចូលកាន់តំណែង។ ក្រោយ​មក ​នៅ​ឆ្នាំដដែល​នោះ តុលាការ​បាន​បណ្តេញ​លោក Somchat Wongsawat ចេញពី​អំណាច បន្ទាប់​ពី​រក​ឃើញ​ថា​ គាត់​មាន​ទោស​ពី​បទ​បន្លំ​សន្លឹក​ឆ្នោត។ ហើយនៅឆ្នាំ២០១៤ តុលាការបានរកឃើញថា លោកស្រីយីងឡាក់មានពិរុទ្ធពីបទរំលោភអំណាចនិងបានបង្ខំលោកស្រីឱ្យចេញពីអំណាច ក្នុងពេលដំណាលគ្នាដែលលោកប្រាយុទ្ធដឹកនាំរដ្ឋប្រហារ។

ការប្រើសិទ្ធិ និងអំណាចដ៏លើសលប់ក្នុងការដកតំណែងនាយករដ្ឋមន្ត្រីម្តងហើយម្តងទៀតបែបនេះ បានធ្វើឱ្យអ្នកវិភាគមានមន្ទិលពីសុចរិតភាពរបស់តុលាការ ជាពិសេសចំពោះករណីពាក់ព័ន្ធនឹងការតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ដែលការណ៍នេះអ្នកវិភាគបានលើកឡើងថាការសម្រេចរបស់តុលាការមានស្តង់ដាពីរ និងថាអាចមានអ្វីនៅពីក្រោយការសម្រេចនេះ ។

* ស្តង់ដាពីរ
សំណុំរឿងលោក Pichit ដែលគេស្គាល់ថា (snack bag case) កើតមានតាំងពីឆ្នាំ ២០០៨ នៅពេលដែលលោកធ្វើជាមេធាវីឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងភរិយាក្នុងរឿងទិញដី។ លោក Pichit ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួនទឹកប្រាក់២លានបាត (៥៧ ១៥៦ ដុល្លារ) ដោយបាន​ដាក់​លុយ​ក្នុង​ថង់​ក្រដាស​មួយ ​ដោយ​បន្លំ​ថា​ជា​អាហារ​សម្រន់​ជូនដល់​មន្ត្រីតុលាការ។ ការនេះបាននាំដល់ការកាត់ទោស លោក Pichit ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ។ ហើយការដែលលោកសេដ្ឋា​ តែងតាំង លោក Pichit អតីតទណ្ឌិត ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនេះគឺជាចំណុចក្តៅដែលបាននាំទៅដល់ការបាត់បង់តំណែងរបស់លោកសេដ្ឋា។ ប៉ុន្តែកាលពីឆ្នាំ២០២១ មានករណីស្រដៀងគ្នានេះដែរ តែមិនបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-Cha បាត់បង់តំណែងនោះទេ ចំពោះការដែលលោកតែងតាំងលោក Thammanat Prompao ជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម ខណៈដែលលោក Prompao ត្រូវបានគេរាយការណ៍ថាបានជាប់ពន្ធនាគារនៅប្រទេសអូស្ត្រាលីពីបទជួញដូរគ្រឿងញៀន។

* អ្វីនៅពីក្រោយការសម្រេចនេះ
សេចក្តី​សម្រេច​របស់​តុលាការ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​រវាង​ស្ថាប័ន​អភិរក្សនិយម និងឥស្សរជនយោធានិយម ជាមួយគណបក្ស​ភឿថៃ​របស់​លោក សេដ្ឋា ដែលស្ថិតក្រោមឥទ្ធិពល​និងក្រោមការ​គ្រប់​គ្រងរបស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ។ ថ្មីៗនេះ លោកថាក់ស៊ីន ត្រូវបានគេមើលឃើញថាបានធ្វើដំណើរគ្រប់ទិសទីទូទាំងប្រទេស ដោយបានចុះទៅជួបជាមួយអ្នកនយោបាយជាច្រើននៅតាមមូលដ្ឋាន រហូតបានបង្ហើបថារូបលោកអាចដើរតួជាអន្តរការីក្នុងជម្លោះនៅភូមាទៀតផង។​ ការណ៍នេះបានធ្វើឱ្យក្រុមអភិរក្សនិយម និងយោធាមានមន្ទិលសង្ស័យពីមហិច្ឆតានយោបាយរបស់លោក។ ការសម្រេចរបស់តុលាការកាលពីថ្ងៃទី១៤ សីហា ២០២៤នេះ ជាការព្រមាន និងសញ្ញាប្រាប់ទៅលោកថាក់ស៊ីន ឱ្យកម្រិតមហិច្ឆតានយោបាយរបស់លោក និងថាលោកហាក់ដើរហួសបន្ទាត់ក្រហមហើយ។​ បន្ថែមលើនេះទៀត ក្រុមរាជានិយម និងក្រុមយោធាក៏ចង់រំលឹកលោកថាក់ស៊ីនថា រឿងក្តីប្រមាថព្រះមហាក្សត្ររបស់លោកពុំទាន់រសាត់ទៅឆ្ងាយទេ ហើយវានឹងមកលងលោកទៀតនៅពេលចាំបាច់។

២. សេណារីយ៉ូក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
គណៈរដ្ឋមន្ត្រី​របស់លោកសេដ្ឋា​នឹង​បន្ត​នៅ​ជាគណៈរដ្ឋមន្ត្រីចាំផ្ទះ​ រហូត​ដល់​សភា​​អនុម័ត​ជ្រើសរើសនាយក​រដ្ឋមន្ត្រី​ថ្មី។ គណៈរដ្ឋមន្ត្រីចាំផ្ទះក៏អាចរំលាយសភា ហើយរៀបចំការបោះឆ្នោតជាថ្មី។ ប៉ុន្តែការណ៍នេះទំនងមិនអាចទៅរួចទេ ព្រោះអតីតគណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បក្ស MFP កំពុងមានប្រជាប្រិយភាព។

អ្នកស្នងតំណែងពីលោក សេដ្ឋា ត្រូវតែជ្រើសរើសចេញពីបញ្ជីបេក្ខជន​ដែលដាក់ឈ្មោះនៅមុនការបោះឆ្នោត​​សកលឆ្នាំ២០២៣ ដោយគណបក្សដែលទទួលបានអាសនៈសភាយ៉ាងតិច២៥អាសនៈ ប៉ុន្តែលោក Pita Limjaroenrat ដែលជាអតីតប្រធានគណបក្ស MFP ពុំអាចជាបេក្ខជនទេ ដោយរូបលោកត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល១០ឆ្នាំ។ ក្នុងការក្លាយជានាយករដ្ឋមន្រ្តី បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវការ

សំឡេងបោះឆ្នោតគាំទ្រ ជាងពាក់កណ្តាលពីសភាថ្នាក់ទាបដែលគ្រោងធ្វើនៅថ្ងៃសុក្រទី១៦ ខែសីហា ២០២៤ ពោលគឺ ២៤៧សំឡេង នៃសំឡេងសរុបបច្ចុប្បន្ន ចំនួន ៤៩៣ ដោយពុំត្រូវការសំឡេងពីសភាជាន់ខ្ពស់ដូចការជ្រើសរើសនាយករដ្ឋមន្រ្តីកាលពីឆ្នាំកន្លងទៅនោះទេ។ ប្រសិនបើបេក្ខភាពនាយករដ្ឋមន្រ្តីមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ សភាត្រូវកោះប្រជុំម្តងទៀតនៅពេលក្រោយ និងធ្វើការបោះឆ្នោតឡើងវិញ ដោយអាចមានបេក្ខភាពដទៃទៀតឈរឈ្មោះជានាយករដ្ឋមន្រ្តីផងដែរ។

តើអ្នកណាទំនងនឹងក្លាយជាបេក្ខភាពសម្រាប់តំណែងជានាយករដ្ឋមន្ត្រី?
ក. លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា វ័យ ៣៧ឆ្នាំ ជាប្រធានគណបក្ស ភឿថៃ និងជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានជ្រើសរើសជាបេក្ខជន។ ប្រសិនទទួលបានការយល់ព្រមពីសភា នោះលោកស្រីនឹងក្លាយជាត្រកូល ស៊ីណាវ៉ាត្រា ទី៣ ដែលកាន់តំណែងជានាយករដ្ឋមន្រ្តី។
ខ. លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីមហាផ្ទៃ ហើយលោកក៏ជាប្រធានគណបក្ស Bhumjaithai ដែលជាគណបក្សធំលំដាប់ទីពីរនៅក្នុងរដ្ឋាភិបាលចម្រុះ។
គ. លោក Prawit Wongsuwan អតីតនាយអគ្គសេនាធិការកងទ័ព​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែលដឹកនាំ​គណបក្ស​អភិរក្សនិយម និង​មាន​និន្នាការ​យោធា នោះគឺ គណបក្ស Palang Pracharat។
ឃ. លោក Pirapan Salirathvibhaga រដ្ឋមន្រ្តីថាមពល និងជាអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដែលដឹកនាំគណបក្ស​អភិរក្សនិយម គឺ គណបក្ស Thai Raksa Chart។

៣. ជោគវាសនានៃគណៈរដ្ឋមន្ត្រីថ្មី
បើទោះបីជាការសម្រេចរបស់តុលាការត្រូវបានអ្នកវិភាគមើលឃើញថាមានស្តង់ដាពីរ និងថាមានឥទ្ធិពលពីក្រុមបក្សនយោបាយនៅពីក្រោយការសម្រេចនេះ ក៏ការដកតំណែងនេះ ទំនងមិនបង្កឱ្យមានការប្រឆាំងតវ៉ាដ៏សកម្មណាមួយនោះទេ។ លោក សេដ្ឋា មិនមែនជាមេដឹកនាំដែលមានប្រជាប្រិយភាពនោះឡើយ។ លោកត្រូវបានតែងតាំង ដោយសារតែមានការសម្របសម្រួលនយោបាយប៉ុណ្ណោះ។ នៅអំឡុងការកាន់តំណែងរបស់លោក លោក សេដ្ឋា ទទួលរងការរិះគន់លើការធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាញឹកញាប់ (១៥​ ដងក្នុងរយៈពេល ១០ខែ) ប៉ុន្តែទទួលបានផ្លែផ្កាតិចតួច និងទទួលរងពីការចោទសួរលើសុចរិតភាពនៃគម្រោងប្រជានិយម​សម្រាប់​គោលនយោបាយ​ចែក​ថវិកា​ចំនួន​១0 000 បាត (ឬ២៨៦ដុល្លារអាមេរិក) ដើម្បី​ជំរុញ​សេដ្ឋកិច្ច។

ប៉ុន្តែក៏ការដកតំណែងលោកសេដ្ឋា និងការរំលាយគណបក្ស MFP អាចនឹងធ្វើឱ្យនយោបាយថៃ​ធ្លាក់ចូលទៅក្នុងភាព​មិន​ច្បាស់លាស់​កាន់តែជ្រៅបន្ថែមទៀត។ ហើយដែលការណ៍នេះត្រូវបានអ្នកវិភាគមើលឃើញថា​ប្រព័ន្ធ​តុលាការ ​ហាក់ដើរតួនាទី​សំខាន់​ក្នុង​ការ​​ដណ្តើម​អំណាច​ ហើយថា ក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបី នរណាជាអ្នកជំនួសលោកសេដ្ឋា ក៏ដោយ ក៏អំណាចពិតប្រាកដរបស់រដ្ឋាភិបាលថៃមិននៅលើនាយករដ្ឋមន្ត្រីនោះទេ។

ក្នុងន័យនេះអ្នកតាមដាននយោបាយថៃយល់ឃើញថា ប្រទេសថៃបច្ចុប្បន្នមិនមែនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ហើយថារដ្ឋធម្មនុញ្ញថៃឆ្នាំ២០១៧ បានប្រគល់អំណាចដោយមិនមានតុល្យភាពទៅឱ្យតុលាការ តាមរយៈការចាត់ចែង​​ដោយ​រដ្ឋាភិបាល​យោធាថៃ​​ដែល​បាន​កាន់​អំណាច​ក្នុង​រដ្ឋប្រហារ​ក្នុង​ឆ្នាំ២០១៤៕

រៀបចំដោយ បណ្ឌិត ណី សំអុល, PhD in Public International Law, University of Leeds
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤




2