(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកក្រោមឱវាទ បានរៀបចំពិធីកាន់បិណ្ឌវេនទី៩ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោកទសរដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៣៣អង្គ ដោយក្នុង ១អង្គមាន៖ អង្ករ ៥០គីឡូក្រាម សាដក់ ១កញ្ចប់ មី ១កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស ម្ហូបអាហារ ១ស្រាក់ និងបច្ច័យ ១០មឺុនរៀល។
ដោយឡែកចំពោះព្រះសង្ឃគង់នៅក្នុងវត្តឧណ្ណាលោមចំនួន ២០០អង្គ ទទួលបានបច្ច័យក្នុង ១អង្គ ២មឺុនរៀល។ ក្រៅពីនេះក៏មានការរៀបចង្ហាន់ជូនព្រះសង្ឃ សរុបចំនួន ២៣៣អង្គ។
ជាកិច្ចបង្ហើយបុណ្យ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង បានវេរប្រគេនបច្ច័យដែលទទួលបានពីពិធីកាន់បិណ្ឌនេះ ជូនវត្តឧណ្ណាលោម ចំនួន ១២,៧៧៧,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣,៦៦៤ដុល្លារ៕