(កំពង់ស្ពឺ)៖ ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយសេវាកម្មល្អ និងមានប្រសិទ្ធភាពខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបំពេញកាតព្វកិច្ចការងារយ៉ាងសស្រាក់សស្រាំ ថែមទាំងបានចុះមកស្វែងយល់ការបម្រើសេវាសុខភាពសាធារណៈដោយផ្ទាល់នៅតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ។ជាក់ស្ដែងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកសាស្ដ្រាចារ្យរដ្ឋមន្រ្ដី បានដឹកនាំក្រុមការងារជំនាញនៃប្រតិភូសុខាភិបាល ចុះពិនិត្យស្វែងយល់ពីស្ថានភាព និងវឌ្ឍនភាពនៅមណ្ឌលសុខភាពត្រពាំងគង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី និងក្រុមការងារ បានត្រួតពិនិត្យនៅតាមទីតាំងដំណើរការការងារ ទាំងកន្លែងផ្ដល់សេវា ឧបករណ៍សម្ភារៈ ការរៀបចំទុកដាក់ និងប្រើប្រាស់ឱថស វ៉ាក់សាំង រួមទាំងបរិស្ថានអនាម័យជុំវិញទីតាំងផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចុះទៅតាមបន្ទប់សម្រាកព្យាបាលអ្នកជំងឺ ដោយបានសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ពីអាការៈនៃជំងឺ និងការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យចំពោះអ្នកជំងឺ ដើម្បីស្វែងយល់កាន់តែច្បាស់ពីការងារប្រចាំថ្ងៃរបស់មន្ដ្រីខ្លួន។
លោកស្រី ឡាំ ឌឿន រស់នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ដែលជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺផ្សេងទៀត មកទទួលសេវាពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្ហាញនូវសេចក្ដីពេញចិត្ដចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ ។ លោកស្រីបានឱ្យដឹងថា «ខ្ញុំសប្បាយចិត្ដ និងពេញចិត្ដចំពោះការផ្ដល់សេវារបស់ក្រុមគ្រូពេទ្យនៅទីនេះណាស់ គ្រូពេទ្យមានភាពរួសរាយរាក់ទាក់ មិនរើសអើងអ្នកជំងឺនោះទេ ពិសេសមកពេលណា ក៏គ្រូពេទ្យទទួលពិនិត្យព្យាបាលដែរ ហើយខ្ញុំមកព្យាបាលនេះអត់អស់ថវិកាទេ ដោយខ្ញុំមានបណ្ណក្រីក្រ» ។
សម្រាប់អ្នកជំងឺ និងគ្រួសារអ្នកជំងឺផ្សេងទៀត ក៏បានលើកឡើងពីចំណាប់អារម្មណ៍ស្រដែងគ្នាៗពីការពេញចិត្ដ និងការយកចិត្ដទុកដាក់ចំពោះការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខាងលើនេះផងដែរ។ ពិសេសបង្ហាញនូវក្ដីរំភើបជាខ្លាំងពេលបានទទួលការចុះមកសួរសុខទុក្ខដោយផ្ទាល់ ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។
ជាមួយគ្នានេះ លោកស្រី លឹម សុធាវី មន្ត្រីសុខាភិបាលបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថាមន្ដ្រីសុខាភិបាលនៅទីនេះ គឺមានការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយើង ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយក្រោយការចង្អុលបង្ហាញរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី គឺបានជំរុញដល់ក្រុមគ្រូពេទ្យពង្រឹង និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាពលរដ្ឋយើង ឲ្យកាន់តែមានភាពកក់ក្តៅ និងប្រសិទ្ធភាពខ្ពស់។
លោកស្រីបានបន្តទៀតថា «សម្រាប់ថ្ងៃនេះផ្ទាល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចុះមកផ្ទាល់ក្រុមគ្រូពេទ្យយើង ដែលជាកូនចៅពោរពេញទៅដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅ យើងខ្ញុំទាំងអស់គ្នាពិតរំភើប ដែលលោកមិនត្រឹមជាថ្នាក់ដឹកនាំទេ តែលោកប្រៀបបីដូចជាឪពុក បាំងខ្យល់បាំងភ្លៀង ផ្ដល់ការអប់រំ ចំណេះដឹងចំណេះធ្វើ ឱ្យកូនចៅគ្រប់ៗគ្នា រឹងដៃរឹងជើង ប្រកបដោយសមត្ថភាព និងភាពទទួលខុសត្រូវខ្ពស់»។
ចំពោះក្រុមគ្រូពេទ្យផ្សេងទៀត ក៏បានសម្ដែងនូវភាពសប្បាយរីករាយ និងការពេញចិត្ដនៃភាពជាអ្នកដឹកនាំរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីផងដែរ។
បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព ក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខាងលើ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដដំណើរអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលខេត្ដកំពង់ស្ពឺ នៅមន្ទីរសុខាភិបាលខេត្ដកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីលោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ។
ក្នុងឳកាសសំណេះសំណាលនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។
លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីជាគ្រឹះសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួន និងស្ថានប័នឲ្យមានការរីកចម្រើនជាលំដាប់។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានស្នើឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវសាមគ្គីគ្នា ស្រលាញ់គ្នា និងមានភាពស្មោះត្រង់ រួមគ្នាដោះស្រាយបញ្ហានានា ដែលកើតមាន។
ការផ្តល់អនុសាសន៍ខាងលើនេះបានធ្វើឲ្យមន្ត្រីក្រោមឳវាទសម្តែងការគាំទ្រ និងប្តេជ្ញា រួមគ្នាអភិវឌ្ឍចំណេះជំនាញ កម្លាំងស្មារតីសាមគ្គីភាពគ្នា ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហុង គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្តេជ្ញាចិត្ត រួមដំណើរទៅមុខជាមួយថ្នាក់ដឹកនាំ លើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើន។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងការអភិវឌ្ឍនៃមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ និងបន្តដំណើរចុះទៅពិនិត្យមណ្ឌលសុខភាព តក្តវិទ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងឳកាសបំពេញបេសកកម្មចំនួន ៤ថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ ចុះពិនិត្យមូលដ្ឋានសុខាភិបាលនៅតាមបណ្តាខេត្តចំនួន ៤ រួមមានខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង និងបៃលិន ដែលជាខេត្តចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្នុងរយៈពេលមួយឆ្នាំ ក្នុងឳកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ជារដ្ឋមន្ត្រីសុខាភិបាល៕