(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាល​រងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តខេត្តកណ្តាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសបញ្ចប់រួចរាល់ការធ្វើប្លង់រឹងជូនពលរដ្ឋចំនួន ២,៣៧២ប័ណ្ណ និងត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ គឺភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិក្បាលកោះ និងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី។

ថ្លែងក្នុងឱកាសនោះលោក ប៊ុន ផេង បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យមានការឣភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ​ឲ្យបានចប់សព្វគ្រប់ជាស្ថាពរ។

លោកបន្តថា​ តាងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ​ ដែល​អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះយើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ។

លោកអភិបាលរងខេត្ត បាន​ថ្លែងនូវការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះ ឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ទាំងនៅក្នុងស្រុកខ្សាច់កណ្តាលរបស់យើងនេះ និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូល ឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋនៅសង្កាត់កោះឧកញ៉ាតី ក៏បានសម្តែងការសប្បាយរីករាយឥតឧបមា និងថ្លែងអំណរគុនដល់លោកអភុបាលខេត្ត លោកអភិបាលក្រុងអរិយក្សត្រ និងមន្ត្រីជំនាញផងដែរ ។

បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៥៥ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១២ភូមិ លើ ១,០១០ ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៦៥៣ក្បាលដី។

ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៧៨,២៨១ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២២ លើកស្មើនឹង ៣០២,២៣៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២៣ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិកណ្ដាលកោះ ភូមិចុងកោះ ភូមិកោះតូច និងភូមិក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ចំនួនសរុប ២,៣៧២ប័ណ្ណ៕