(កំពង់ធំ)៖ លោក ពឹង សុហ៊ុន ប្រធានក្រុមប្រឹក្សាឃុំដូងស្រុកប្រាសាទបល្ល័ង្ក និងសមាជិកដទៃទៀតមកពីគណបក្សប្រឆាំង ប្រកាសយ៉ាងឱឡារិកគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) កាលពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ពឹង សុហ៊ុន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) គឺពិតជាបានផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសម្រាប់តភ្ជាប់សេដ្ឋកិច្ច និងបង្កើនកំណើនពាណិជ្ជកម្ម ទេសចរណ៍ និងលើកកម្ពស់ផលិតផលសរុបក្នុងស្រុក ពិសេសតាមរយៈការបង្កើនការវិនិយោគប្រកបដោយសក្តានុពល និងចីរភាព។
តែផ្ទុយទៅវិញក្នុងរយៈពេលថ្មីៗ កន្លងទៅនេះក្រុមប្រឆាំងអគតិជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបំភ័ន្តបំភ្លៃ និងញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ក្នុងចេតនាខ្មៅកខ្វក់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ លោកសូមប្តេជ្ញាគោរព និងអនុវត្តដោយឥតងាករេនូវរាល់បទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះក្នុងនាមរូបលោកផ្ទាល់ និងសមាជិកដទៃទៀត សូមប្តេជ្ញាចិត្តប្រឆាំងដាច់ខាតនិងសូមថ្កោលទោសចំពោះពួកជ្រុលនិយមដែលញុះញង់បង្កចលាចលនិងអសន្តិសុខក្នុងសង្គមជាតិ៕