(ព្រះវិហារ)៖ បញ្ហាប្រឈមចំនួន៣ ត្រូវបានលើកយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ នៅខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត និងសហការី ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក មន្ទីរអង្គភាព ស្ថាប័ន ជុំវិញខេត្តជាច្រើនរូបទៀត។
បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារថ្លែងថា៖គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺពិនិត្យសមិទ្ធផលរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាមួយនឹងការប្រកាសសមាសភាពគណៈកម្មការត្រួតពិនិត្យលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ក៏ដូចជាបង្ហាញពីសកម្មភាព១ឆមាសកន្លងទៅរបស់គណៈកម្មការរយះពេល៦ខែកន្លងទៅ ជូនសមាជិក សមាជិកា ដើម្បីជ្រាប។
លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា៖កិច្ចប្រជុំរបស់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខភិបាលខុសច្បាប់នាពេលនេះ ក៍បានពិភាក្សាពិគ្រោះយោបល់លើបញ្ហាប្រឈមចំនួន៣ចំណុច ដើម្បីដំណោះស្រាយរួមមាន៖
*បញ្ហាប្រឈមទី១ គឺការចេញអាជ្ញាប័ណ្ណឱ្យអ្នកប្រកបវិជ្ជជីវៈសុខាភិបាលដែលបើកថ្មី ក៏ដូចជាការបន្តអាជ្ញាប័ណ្ណអ្នកដែលបើកមុខរបរលើវិស័យសុខាភិបាលឯកជនបន្ត ដែលអាជ្ញាប័ណ្ណនេះចេញដោយច្រកចេញចូលតែមួយនៅតាមក្រុង ស្រុកទាំង៨នៅខេត្តព្រះវិហារ។
លោកថាការប្រឈមនេះព្រោះកន្លងមកការចេញអាជ្ញាប័ណ្ណឫបន្តអាជ្ញាប័ណ្ណ មន្ត្រីសុខាភិបាលជាអ្នកវាយតម្លៃនៅលើបញ្ហាបច្ចេកទេស ប៉ុន្តែជាមន្ត្រីសុខាភិបាលបម្រើការងារនៅមណ្ឌុលសុខភាព ដោយសារការយល់ដឹងរបស់គាត់នៅមានកម្រិត ដូច្នេះនៅក្នុងកិច្ចប្រជុំយើងបានសម្រេច ការចេញអាជ្ញាប័ណ្ណថ្មី ឫក៏ការបន្តអាជ្ញាប័ណ្ណ គឺមន្ត្រីជំនាញមន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ សហការជាមួយមន្ត្រីនៅមណ្ឌុលសុខភាព ដើម្បីពិនិត្យលើការងារបច្ចេកទេស ហើយការចេញអាជ្ញាប័ណ្ណនេះគឺអាជ្ញាធរក្រុង ស្រុក ដដែល តាមរយះច្រកចេញចូលតែមួយ។
*បញ្ហាប្រឈមទី២ គឺទាក់ទងនឹងឱសថដែលក្រុមហ៊ុននាំមកលក់ក្នុងខេត្តព្រះវិហារ មានក្រុមហ៊ុនខ្លះបានឆ្លងកាត់មន្ត្រីជំនាញរបស់មន្ទីរ ដើម្បីពិនិត្យមើលបច្ចេកទេសរបស់ឱសថ ថាតើត្រឹមត្រូវអត់ ចំណែកក្រុមហ៊ុនខ្លះទៀតមិនបានចូលមកទំនាក់ទំនងជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរទេ គឺគាត់ដើរលក់តែម្តង ដែលនេះជាបញ្ហាប្រឈម។
*បញ្ហាប្រឈមទី៣ គឺយើងពង្រឹងការគ្រប់គ្រងទៅលើសេវាឯកជន ដែលប្រកបរបរនៅក្នុងខេត្តព្រះវិហារ គឺត្រូវតែមានច្បាប់អនុញ្ញាតិមានអាជ្ញាប័ណ្ណដែលមានសុពលភាពត្រឹមត្រូវ ក៏ដូចជាត្រូវគោរពក្រមសីលធម៍វិជ្ជាជីវៈ ប៉ុន្តែបើសិនជាគាត់មិនមានច្បាប់អនុញ្ញាតិឫអាជ្ញាប័ណ្ណផុតសុពលភាព គឺត្រូវស្នើរសុំឡើងវិញ បើមិនស្នើរសុំទេនឹងផ្អាកឈានដល់បិទតែម្តង ដើម្បីរង់ចាំឱ្យគាត់ធ្វើការស្នើរឡើងវិញ ទើបយើងអនុញ្ញាតិឱ្យគាត់បន្តអាជីវកម្មតទៅទៀត។
ដោយឡែកលោកស្រី ប៉ាង រ៉ាវី អភិបាលរងព្រះវិហារ បានថ្លែងណែនាំដល់មន្ត្រីជំនាញត្រូវបន្តពង្រឹងរាល់សកម្មភាពនៃការសុំបើកអាជ្ញាប័ណ្ណលក់ឱសថ ឫបន្ទប់សម្រាកព្យាបាលថែទាំនៅតាមក្រុង ស្រុក ធ្វើយ៉ាងណាអនុវត្តទៅតាមច្បាប់។ជាមួយគ្នានេះដែរមន្ត្រីសុខាភិបាល ពិសេសគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខភិបាលខុសច្បាប់ ត្រូវពង្រឹងការអនុវត្តច្បាប់ចំពោះការនាំចូលឱសថក្លែងក្លាយ និងសេវាព្យាបាល ក៏ដូចជាគ្លីនិចខុសច្បាបឱមានប្រសិទ្ធិភាព៕