(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងទៅកាន់និស្សិតនាយទាហានពូកែប្រចាំឆ្នាំសិក្សា២០១៥-២០១៦ របស់វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្មត្មាតពងប្រមាណជាង១០០នាក់ថា អនាគតរបស់កងទ័ព គឺអាស្រ័យលើនាយទាហាន ជំនាន់ក្រោយ ដូច្នេះនិស្សិតទាហានទាំងអស់ ត្រូវខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង ខណៈដែល លោក ហ៊ុន ម៉ាណែត ដឹកនាំក្រុមនិស្សិតទាហាន ទៅទស្សនកិច្ចនៅតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីជាការផ្តល់ឱកាស ឱ្យនិស្សិតនាយទាហានទាំងអស់ បានស្វែងយល់បន្ថែមពីទ្រឹស្តីក្នុងសាលា និងការអនុវត្តជាក់ស្តែងអំពីទ័ពជួរមុខ ក្នុងការពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពទឹកដី តាមរយៈបទឧទ្ទេសនាមរបស់នាយទាហានជាន់ខ្ពស់ ដើម្បីនឹងផ្តល់បទពិសោធន៍ជាក់ស្តែង ក្នុងការបណ្តុះឆន្ទះខ្ពស់ ស្មារតីក្លាហាន និងជំហរច្បាស់លាស់ដល់នាយទាហានជំនាន់ក្រោយ ដើម្បីការពារបូរណភាពទឹកដី ការពារជាតិ និងមាតុភូមិ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធ ផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តនិស្សិតទាហានសកម្មទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រក្រេបយកចំណេះដឹង ទ្រឹស្តីនិងការអនុវត្ត និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជានាយទាហានដ៏រឹងមាំ មានសមត្ថភាព ការទទួលខុសត្រូវខ្ពស់ សម្រាប់សង្គមជាតិ និងប្រជាជន។
ប្រធានគណៈកម្មការរៀបចំកម្មវិធី ក៏បានឆ្លើយតបទៅនឹង ការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និស្សិតនាយទាហានរបស់វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្ម បានខិតខំយកអស់កម្លាំងចិត្ត និងរៀសូត្ររហូតមកដល់ពេលនេះ ទទួលបានលទ្ធផលល្អ និងបានចូលរួមគាំទ្រយ៉ាងមុះមុត ស្មោះស្ម័គ្រនូវគោលនយោបាយដ៏ត្រឹមត្រូវសម្តេចតេជោ ដែលកន្លងមក និងពេលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យ។
សូមបញ្ចាក់ថា ដំណើរទស្សនកិច្ច នៃនិស្សិតនាយទាហានវិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្មត្មាតពង នៅតំបន់ប្រាសាទព្រះវិហារ បានចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលឱ្យនិស្សិតនាយទាហានទាំងអស់ បានទស្សនា និងស្វែងយល់នូវគោលដៅយុទ្ធសាស្ត្រសំខាន់ មួយចំនួនដូចជា ចំណុចតាថាវ ចំណុចប្រាំមករា ចំណុចពយតាឌី ទ្វាដែក វត្តកែវកែវសិក្ខាគីរីស្វារៈ និងចំណុចសំខាន់ៗ មួយចំនួនទៀត៕