(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យមានទុក្ខទោសដល់ខ្លួន។
លោក នុត ពុធដារ៉ា បានបញ្ជាក់ទៀតថា លោក រួមនិងអជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់បានប្តេជ្ញាចិត្តថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលមានតម្លៃដ៏មហាសាល មិនអាចកាត់ថ្លៃបាន និងមិនអនុញ្ញាតឲ្យក្រុមជនអគតិ បំផ្លាញនូវសុខសន្តិភាពនេះបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
លោក នុត ពុធដារ៉ា បានបញ្ជាក់ដូចនេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះក្នុងពិធីដាក់ឲ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្រោមអធិបតីភាពលោកស្រី លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង។
លោក នុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច តាមរយៈសុខសន្តិភាព ដែលរកបានមកដោយលំបាក ជាក់ស្តែងការបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាជំហានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីជោគជ័យរបស់ខេត្តកណ្តាល ក្នុងវិស័យទឹកស្អាត និងអនាម័យ ដែលមានអត្រាកំណើនល្អពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងឆ្នាំ២០២២ យើងបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ហើយនៅក្នុងឆ្នាំ២០២៤នេះ ខេត្តបានសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+ បន្ថែមទៀតដោយរង់ចាំតែការចុះផ្ទៀងផ្ទាត់របស់ក្រុមការងារថ្នាក់ជាតិប៉ុណ្ណោះ៕