(ភ្នំពេញ)៖ រាស្រ្តទូទាំងនគរខ្មែរបានប្រសិទ្ធិនាម សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព និងជាអ្នកស្នេហាដ៏ពិតប្រាកដរបស់កម្ពុជា ព្រោះថា ការយកជីវិតធ្វើដើមទុនរំដោះប្រទេសជាតិចេញពីភ្លក់ភ្លើងសង្រ្គាម គឺជារឿងរា៉វគ្មានពីរលើលោក និងកាន់តែពិសេសទៅទៀតគឺ ស្នើឲ្យដកកងទ័ពវៀតណាម ចេញពីកម្ពុជាមិនឲ្យសល់ម្នាក់ ក្រៅពីកិច្ចការដ៏សែនធ្ងន់បំផុតនេះ សម្តេចបានបង្រួបបង្រួមជាតិក្រោម គោលនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យកម្ពុជាមានភាពរីកចម្រើនដ៏ផូរផង់ដូចសព្វថ្ងៃនេះ។
កាលនេះធ្វើឲ្យយើងរំលឹកដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងមុតៗថា «ទោះជាមានកិច្ចព្រមព្រៀង ឬគ្មាន កងទ័ពវៀតណាមត្រូវដកចេញពីកម្ពុជាតាមការកំណត់»។
ប្រសាសន៍ដ៏ថ្លៃថ្លា និងស្នេហាជាតិដ៏ពិតប្រាកដរបស់សម្តេចបែបនេះ ធ្វើឡើងក្នុងគ្រាឆ្លើយតបនឹងសំណួររបស់អ្នកកាសែតបារាំង ក្នុងឆ្នាំ១៩៨៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធការដកកងទ័ពវៀតណាម ដែលនៅសេសសល់ចេញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែត្រូវការឱ្យអ្នកកាសែតទៅប៉ុណ្ណោះទេ ប៉ុន្តែយើងចង់បាននូវយន្តការ ត្រួតពិនិត្យអន្តរជាតិមួយ ដើម្បីពិនិត្យអំពីការដកកងទ័ពវៀតណាមផង និងការបញ្ឈប់ជំនួយយោធាពីបរទេស ព្រមទាំងដំណើរការផ្សេងៗទៀតដូចជាការឈប់បាញ់ ឬ ការបោះឆ្នោត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា «ហើយទោះប្រសិនបើមានដំណោះស្រាយមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង ក៏យើងខ្ញុំនឹងអញ្ជើញអ្នកអង្កេតការណ៍បរទេស ក៏ដូចជាអ្នកយកព័ត៌មានបរទេស ដើម្បីទៅធ្វើជាសាក្សី ពិនិត្យមើលការដក កងទ័ពវៀតណាមចេញពីកម្ពុជា។ ការប្រកាសដកកងទ័ពវៀតណាមដែលចុងបញ្ចប់ គឺនៅថ្ងៃទី២៦ ខែកញ្ញានេះ គឺជាការប្រកាសដោយ មិនចំណុះលើកិច្ចព្រមព្រៀងអ្វីទាំងអស់ ទោះមានឬគ្មានកិច្ចព្រមព្រៀង ក៏កងទ័ពវៀតណាមត្រូវដកចេញពីកម្ពុជា តាមការកំណត់នេះ»៕