(ហូជីមិញ,វៀតណាម)៖ មេបញ្ជាការកងទ័ពទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានប្តេជ្ញាថា នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិ ការ ពង្រឹងសន្តិសុខ និងទប់ស្កាត់នូវរាល់បទល្មើសនានា នៅតាមបន្ទាត់ព្រំដែនប្រទេសឲ្យបានកាន់តែល្អប្រសើរថែមទៀត តាមស្មារតី នៃ រាជរដ្ឋាភិបាលប្រទេសទាំងពីរ។
ការប្តេជ្ញានេះបានធ្វើឡើងជំនួបពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពព្រំដែនប្រទេសទាំងពីរ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការព្រំដែន រីឯភាគីវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី ឡេ ថាយង៉ុក មេបញ្ជាការរងព្រំដែន ប្រចាំទិសភាគខាងត្បូង។
ក្នុងកិច្ចពិភាក្សានោះឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នាពេលកន្លងទៅ ហើយកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងគ្រប់កម្រិត និងទទួលបានជោគជ័យជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានធ្វើកត់សម្គាល់ពីភាពរីកចម្រើន រវាងស្ថាប័នការពារព្រំដែនប្រទេសទាំងពីរ និងផ្នែកសន្តិសុខនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលធ្វើឲ្យតំបន់ព្រំដែនមានសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ បង្កលក្ខណៈដល់ប្រជាពលរដ្ឋប្រទេសទាំងពីរ បានធ្វើពាណិជ្ជកម្មជាមួយគ្នា។
បើទោះបីជាយ៉ាងណាមេបញ្ជាការយោធាព្រំដែន នៃប្រទេសទាំងពីរ ក៏បានមើលឃើញពីភាពចន្លោះប្រហោងមួយចំនួន នៅតាមបន្ទាត់ព្រំ ដែនប្រទេសទាំងពីរផងដែរ ហើយភាគីនីមួយៗ បានស្នើឲ្យយកចិត្តទុកដាក់បន្ថែមទៀត។
មេបញ្ជាការព្រំដែនកម្ពុជា-វៀតណាម បានជំរុញឲ្យបណ្តាអង្គភាពការពារព្រំដែន ត្រូវបង្កើនកិច្ចសហការជាមួយគ្នា ក្នុងការយាមល្បាតត្រួតពិនិត្យ ឲ្យបានតឹងរឹងនៅតំបន់ព្រំដែន ដោយធ្វើការទប់ស្កាត់ដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់លើសកម្ម ភាពរត់ពន្ធ ការជួញដូរទំនិញក្លែងក្លាយ បទឧក្រិដ្ឋឆ្លងដែន ការរត់ពន្ធមនុស្ស ជាពិសេសការជួញដូរគ្រឿងញៀន ដែលតែងតែកើតមាន។
មេបញ្ជាការព្រំដែនកម្ពុជា និងវៀតណាម ក៏នៅបានពិនិត្យការងារកងកម្លាំងព្រំដែននៃប្រទេសទាំងពីរ ដែលបញ្ហានេះភាគីទាំងពីរ ទាមទារឲ្យផ្តល់នូវមតិយោបល់ដល់រដ្ឋអំណាចនៅតំបន់ព្រំដែនឲ្យបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កើនការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋរស់នៅ តំបន់ព្រំដែនឲ្យយល់អំពីច្បាប់ និងការអនុវត្តន៍តាមកិច្ចព្រមព្រៀងអំពីបទបញ្ញត្តិព្រំដែន និងកិច្ចព្រមព្រៀងអំពីការបោះបង្គោលខ័ណ្ឌសីមា ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
ទន្ទឹមនឹងនោះកិច្ចពិភាក្សាក៏បានសំណូមពរ ឲ្យបណ្តាអង្គភាពការពារព្រំដែនប្រទេសទាំងពីរ ត្រូវបង្កើនសកម្មភាពថែមទៀត ក្នុងការជួប ប្រាស្រ័យផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងបណ្តាកងការពារព្រំដែនថ្នាក់កងវរសេនាតូច និងកងការពារព្រំដែនថ្នាក់កងអនុសេនាធំ រួមសហការគ្នាធានាសន្តិសុខព្រំដែន ឲ្យឈានទៅកសាងតំបន់ព្រំដែនមួយ ទទួលបានសុខសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងស្ថេរភាពយូរអង្វែង៕