(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង។

ការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូតនេះ ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ។

ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន២០ ដែលនឹងផ្តល់ឱកាសការងារសរុបចំនួន៥៣១០កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង វិស័យអចលនវត្ថុ វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យលក់ដុំនិងលក់រាយ វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្ម។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេលបីថ្ងៃនេះ យុវជននិងសាធារណជន ក៏អាចទទួលបានការផ្តល់សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទៀតផង។ លើសពីនេះ យុវជន និងសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ និងអាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គមបាន នៅសាខា ប.ស.ស. ព្រមទាំងអាចចូលរួមកំសាន្តជាមួយក្រុមតន្ត្រីនាពេលល្ងាច ជាមួយឱកាសទទួលបានរង្វាន់ជាច្រើនពីការឆ្លើយសំណួរងាយៗ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ហេតុដូចនេះ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលចង់ស្វែងរកការងារ សូមរៀបចំ CV ដើម្បីត្រៀមដាក់ពាក្យ និងសម្ភាសភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗទាំង២០ ដើម្បីអាចទទួលបានលទ្ធផលទទួលបានការងារភ្លាមៗតែម្តង។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Hotline ១២៩៧ ១២៨៦ ឬ 016 78 66 55 ឬ 077 23 23 78 (Telegram)៕