(អាហ្វ្រិកកណ្តាល)៖ លោកវរសេនីយ៍ឯក សួស ណារឿន មេបញ្ជាការកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៩៨ ទី២ ក្នុងក្របខណ្ឌ MINUSCA មានមូលដ្ឋាននៅទីក្រុង Bangui សាធារណរដ្ឋអាហ្រ្វិកណ្តាល បានសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធអាហ្វ្រិកកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នស្ពាន ១កន្លែង ដែលមានឈ្មោះថា Mbossoro ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់អំបូសូរ៉ូ ខណ្ឌទី៦ ទីក្រុងប៉ង់ហ្គី។
ក្នុងពិធីនេះក៏មានការអញ្ជើញអមដំណើរដោយលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះចូលរួម កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤។
ស្ពាននេះទទួលបានមូលនិធិដោយគម្រោង QICK IMPACT របស់ការិយាល័យកិច្ចការស៊ីវិល នៃទីបញ្ជាការរបស់ MINUSCA ក្នុងទីក្រុង Bangui ដែលគម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ អាជ្ញាធរមូលដ្ឋាន និងប្រជាជនអាហ្វ្រិកកណ្តាល បានអបអរសារទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគម្រោងនេះ។
អាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងកម្ពុជា ក្នុងក្របខណ្ឌ MINUSCA ដែលបានខិតខំប្រឹងប្រែងក្នុងការសាងសង់ស្ពាននេះជូនដល់ប្រជាពលរដ្ឋអាហ្រិ្វកណ្តាល ក្នុងបុព្វហេតុមនុស្សធ៌ម ដែលស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះនៅក្នុងសង្កាត់ និងក្នុងទីក្រុងប៉ង់ហ្គី ទាំងមូលផងដែរ៕