(ភ្នំពេញ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានសេនាធិការរបស់ខ្លួន គឺក្រសួងកិច្ចការឥស្លាម និងស្ថាប័នផ្សេងៗជាច្រើនទៀត ដែលបាននឹងកំពុងធ្វើការយ៉ាងសកម្ម នៅគ្រប់ទីកន្លែង ដើម្បីផ្តល់នូវគោលការណ៍សាសនាឥស្លាមមួយដ៏ល្អផូផង់ និងបានផ្តល់នូវជំនួយផ្សេងៗ ជាច្រើន ដើម្បីដោះស្រាយបញ្ហារបស់សាសនាឥស្លាម។
នេះជាការលើកឡើងរបស់លោក បណ្ឌិត ពិនទើ បាលីលះ (Bandar Baleelah) ដែលជា ខទីព និងជាអ៊ីមាំ(អ្នកថ្លែងសន្ទរកថា និងដឹកនាំថ្វាយបង្គំ) នៅវិហារឥស្លាម អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកបណ្ឌិតបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាបាន ដោយក្ដីគោរពគ្នាទៅវិញទៅមក គ្មានជម្លោះសាសនា និងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។
លើសពីនេះទៅទៀត ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡាចំនួន១៥០០នាក់ ដែលទទួលបានប្រាក់បៀរវត្សដូចមន្ត្រីរាជការទូទៅ ដោយក្នុងមួយៗសរុបថវិកា៦.៦លានដុល្លារ និងមានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗទៀត។
លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំងអស់ ដែលជាប្រទេសឥស្លាម គឺប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ឱកាសឱ្យសិស្សនិស្សិតកម្ពុជា ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាច្រើនជាងគេ ហើយសហគមន៍ឥស្លាមកម្ពុជា សូមគាំទ្រនូវរាល់គោលនយោបាយថ្មីៗរបស់អារ៉ាប៊ីសាអូឌីត ដែលប្រកាន់យកការនិយមកណ្តាល ក្នុងការប្រតិបត្តិសាសនា។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អូស្មាន ហស្សាន់ បានថ្លែងអំណរអរគុណដល់ព្រះចៅ សាល់ម៉ានព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ពិនសាល់ ម៉ាន នាយករដ្ឋមន្ត្រី ព្រមទាំងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលតែងតែផ្តល់ជំនួយ និងគាំទ្រលើផ្នែកផ្សេងៗ ដល់សហគមន៍ឥស្លាមកម្ពុជា។
ចំណែកលោកបណ្ឌិត ពិនទើ បាលីលះ ពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង និងបានកោតសរសើរគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា និងអំពីសកម្មភាព ក៏ដូចជាសមទ្ធិផល នៃការចូលរួមរបស់ថ្នាក់ដឹកនាំឥស្លាម នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា នៅតាមគ្រប់លំដាប់ថ្នាក់ទាំងអស់។
លោកបណ្ឌិតបន្តថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជានាពេលនេះ មានគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការ តភ្ជាប់ស្ពានមេត្រីភាព ភារតភាព រវាងនៃប្រជាជនអារ៉ាប៊ីសាអូឌីត និងកម្ពុជា ព្រមទាំងជំរុញការឌាក់វះ(ផ្សព្វផ្សាយសាសនា) ដើម្បីជាប្រយោជន៍រួម នៃប្រទេស និងប្រជាជនទាំងពីរ។
លោកបណ្ឌិតបន្តថា អារ៉ាប៊ីសាអូឌីត តែងតែព្យាយាមផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អ ក្នុងនាមជាបងប្អូន នឹងគ្នាផ្តល់នូវមនោសញ្ចតនា ស្រលាញ់ រាប់អានគ្នា ហើយប្រឆាំងដាច់ខាតនូវអំពើភេវកម្ម និងអំពើស្អប់ខ្ពើមផ្សេងៗ ហើយបានបង្ហាញនូវការប្រកាន់ផ្លូវនិយមកណ្តាលផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត ពិនទើ បាលីលះ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា លោកបណ្ឌិត នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា លោក ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើទស្សនកិច្ចនៅតាមស្ថាប័នអប់រំឥស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា ព្រមទាំងដឹកថ្វាយបង្គំ នាថ្ងៃសុក្រ ទី១៦ ខែសីហាខាងមុខនេះ នៅវិហារឥស្លាមអន្តរជាតិអាល់សាកាល់បឹងកក់រាជធានីភ្នំពេញ៕