(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាឲ្យបន្តបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មានបានកាន់តែច្រើនឡើងបន្ថែមទៀត ទោះបីវិស័យសេដ្ឋកិច្ចមានការលំបាកយ៉ាងក្តី ប៉ុន្តែបើយល់នឹងធ្វើឲ្យយើងជក់ចិត្តក្នុងការវិភាគសរសេរព័ត៌មានបានល្អ ព្រោះក្នុងសេដ្ឋកិច្ចមានរឿងពាក់ពន្ធ័ទាំងអស់។
លោកថា ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋដែលចំណាយពេលច្រើនទៅអានរឿងអត់ប្រយោជន៍អោយងាកមកអានព័ត៌មានដែលមានប្រយោជន៍ទាក់ទងវិស័យសេដ្ឋកិច្ច គឺជាកិច្ចការងារសំខាន់ដែលអ្នកសារព័ត៌មានត្រូវធ្វើ
ហើយត្រូវពន្យល់ឲ្យប្រជាពលរដ្ឋយល់ថាការរស់នៅប្រចាំថ្ងៃគឺដោយសារសេដ្ឋកិច្ច មិនមែនរស់ដោយសារការមើលដឹងរឿងដែលអត់ ប្រយោជន៍ដែលគ្មានផ្តល់ចំណេះដឹងដល់ខ្លួនយើងនោះទេ។
នេះជាប្រសាសន៍លើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច រៀបចំឡើងដោយ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA ) និងសមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចគឺត្រូវពន្យល់ និងទាញអារម្មណ៍របស់ប្រជាពលរដ្ឋអោយយល់នឹងមើលឃើញពីតម្រូវការចាំបាច់ដែលត្រូវមើល ដើម្បីទទួលបានចំណេះដឹង និងជំនាញសម្រាប់ប្រកបរបររកស៊ី និងរស់នៅប្រចាំថ្ងៃ។
សារព័ត៌មានមួយចំនួនសរសេរអត្ថបទផ្សាយ គឺគ្រាន់តែជាការឲ្យអ្នកអានបានដឹងនូវព្រឹត្តការណ៍អ្វីមួយដែលបានកើតមានឡើង ដូចជាគ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះក្នុងគ្រួសារជាដើម ដែលទាំងនេះគ្រាន់តែជាជាដំណឹង មិនមែនជាការផ្តល់នូវ ចំណេះដឹងនៅក្នុងរឿងនោះទេ ប៉ុន្តែបើប្រជាពលរដ្ឋអានអំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ចចាប់ពីពេលនេះ ដល់ឆ្នាំ២០៥០ ថាតើប្រទេសកម្ពុជាត្រូវការអ្វីខ្លះ? ថាតើបច្ចុប្បន្នកំលាំងពលកម្មរបស់កម្ពុជាលើស ឬក៏ខ្វះ? ដែលនេះគឺយើងអាចអានបាន ជាព័ត៌មានផង និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានដើម្បីធ្វើការពិចារណាសម្រាប់ពេលទៅមុខទៀត។
លោករដ្ឋមន្ត្រី លើកឡើងថា ការសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច ជាបញ្ហាឧបសគ្គសម្រាប់ស្ថាប័នសារព័ត៌មាននៅពេលចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ មិនមែនជារឿងសេដ្ឋកិច្ច តែជារឿងស៊ីអារម្មណ៍ទៅតាមចិត្តរបស់គាត់។ តែទោះបីជាយ៉ាង ណាក៏ដោយ លោកចង់ឲ្យអ្នកសារព័ត៌មានកាន់តែច្រើនដើរតូនាទីសំខាន់ក្នុងការសរសេរផ្សព្វផ្សាយព័ត៌មានដែលមានការផ្តល់នូវចំណេះដឹងដល់ប្រជាពលរដ្ឋ ហើយផ្លាស់ប្តូរឥរិយាបទងាកមកស្វែងរកមើលព័ត៌មានដែលទាក់ទងផ្នែកសេដ្ឋកិច្ច នោះហើយគឺជាភាពរឹងមាំនៃបង្គោលសេដ្ឋកិច្ចរបស់សារព័ត៌មាន ពីសំណាក់ប្រជាពលរដ្ឋ កាលណាដែលគាត់យល់ គាត់នឹងដឹងហើយចូលចិត្តអានព័ត៌មានសេដ្ឋកិច្ច។
លោកក៏បានគូសបញ្ជាក់ថា ការផ្តល់ព័ត៌មានត្រឹមត្រូវតាមរយៈអត្ថបទព័ត៌មាននិយាយអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតភាពប្រកួតប្រជែងដល់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មគឺជាភាពចាំបាច់បំផុតដែលត្រូវផ្តល់ជូន ទោះបីមានការលំបាកក្នុងការបញ្ចុះបញ្ចូលអោយប្រជាពលរដ្ឋអានអត្ថបទព័ត៌មានសេដ្ឋកិច្ច តែត្រូវមានចិត្តសាស្រ្ត វិធីសាស្ត្រ ក្នុងការពន្យល់អោយយល់ទើបគាត់ងាកមកអានព័ត៌មានកាន់តែច្រើនទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងពន្ធដារ អោយស្របទៅដំណើររបស់កម្ពុជាបន្តទៅមុខ ដើម្បីជាប្រយោជន៍សម្រាប់អ្នកអាន។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានជម្រាបជូនថា ការដែលរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងមានគោលដៅចង់ផ្លាស់ប្តូរនិន្នាការរបស់អ្នកសារព័ត៌មានមួយចំនួនពីការសរសេរផ្សាយតែពីភាពអវិជ្ជមាន ពីអសន្តិសុខសង្គម និយាយតែពីរឿងឯកជន ការឈ្លោះប្រកែកតាមបណ្តាញសង្គម មកផ្សាយព័ត៌មានល្អៗរបស់ជាតិ ព្រោះការផ្តល់ព័ត៌មាន មានលក្ខណៈវិជ្ជមានទាំងសេដ្ឋកិច្ច ព័ត៌មាន មានលក្ខណៈអប់រំសង្គម ឲ្យបានស្គាល់ច្បាស់ពីវប្បធ៌ម អរិយធ៌ម ដ៏ផូរផង់របស់ជាតិ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ គឺចង់ប្រមូលផ្តុំស្ថាប័នព័ត៌មាន ដែលផ្តោតលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុនឲ្យបានច្រើន ហើយរួមគ្នាជាធ្លុងមួយ ដើម្បីមានសម្លេងមួយដែលអាចរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្តល់មតិកែលម្អដល់សង្គមជាតិ។
លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហពន្ធ័ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានជម្រាបជូនពីសារៈសំខាន់នៅក្នុងវិស័យព័ត៌មាន ទាក់ទងកិច្ចការងារពន្ធដារ និងជម្រាបជូនពីកាតព្វកិច្ចពន្ធដារ សម្រាប់ម្ចាស់អាជីវកម្មទូទៅ និងការលើកទឹកចិត្តពន្ធដារសម្រាប់វិស័យសារព័ត៌មាន៕
http://image.freshnewsasia.com/2021/id-025/fn-2024-08-15-18-09-57-3.JPG