(ព្រុយណេ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលគាល់ព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកជាយូរមកហើយរបស់ប្រទេសព្រុយណេ ដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។
លោកក៏បានទូលថ្វាយព្រះមហាក្សត្រថា ឆ្នាំ២០២៤ គឺជាឆ្នាំពិសេស ដែលជាខួបអនុស្សាវរីយ៍៤០ឆ្នាំ របស់ព្រុយណេ ចូលជាសមាជិកអាស៊ាន ហើយពិធីអបអរត្រូវបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ៥ ខែសីហា កន្លងទៅ ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
លោកក៏បានអញ្ជើញចូលគាល់ព្រះអង្គម្ចាស់ Haji Al- Muhtadee Billah ibni His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះរាជទាយាត និងជាទេសរដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរព្រុយណេ សម្រាប់ការធ្វើជាប្រធាន និងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំប្រមុខមុខងារសាធារណៈសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីបញ្ហាពាក់ព័ន្ធ នឹងមុខងារសាធារណៈលើកទី ២២ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ កាលពីថ្ងៃទី ៦-៧ ខែសីហា កន្លងទៅ៕