(ព្រះវិហារ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាស្រុកមានករណីគ្រោះថ្នាក់ច្រើនក្នុងឆ្នាំ២០២៤នេះ។ យុទ្ធនាការនេះ មានការចូលរួមពី រដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករសកម្មភាពមីន លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងពិធីនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៤នេះ ដែលត្រឹមរយៈពេល ៧ខែដើមឆ្នាំ ចំនួនជនរងគ្រោះមានចំនួន ៣៧នាក់។ តួលេខនេះ បានកើនឡើងរហូតដល់ ៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន ២៣នាក់។ ករណីគ្រោះថ្នាក់នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជីវិត របួស និងពិការអវយវៈ ក៏ដូចជាខូចខាតដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាថែមប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសង្គមរយៈពេលយូរទៀតផង។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារបោសសម្អាតមីន និងទទួលបាននូវសមិទ្ធផលយកច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែការគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះតែបន្តកើតមានឡើង ជាពិសេសនៅតាមតំបន់សង្ស័យ និងតំបន់មិនទាន់បានកំណត់អត្តសញ្ញាណចម្ការមីនរួច។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ បន្តអនុវត្តន៍អនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តផ្តល់នូវកិច្ចសហការឱ្យកាន់តែសកម្មជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដើម្បីបង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយ ដល់ប្រជាសហគមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម។
ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្នទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សុខសន្តិភាពដែលយើងមានបានរហូតដល់សព្វថ្ងៃ គឺបានមកពីការលះបង់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបានឯកភាពជាតិ និងបាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការកសាងជាតិតែមួយក្រោមម្លប់សន្តិភាព ព្រមទាំងបានផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តជូនសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដឹកនាំប្រទេសជាតិ និងរក្សានូវសន្តិភាព។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការញុះញង់ និងត្រូវប្រឆាំងដាច់ខាងចំពោះទង្វើទាំងឡាយណា ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសមួយក្តាប់តូច ដែលប៉ុនប៉ងផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ និងជឿជាក់នូវការសម្រេចរបស់រាជរដ្ឋាភិបាល រួមគ្នាដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ ជូនប្រទេសយើង និងកូនចាំជំនាន់ក្រោយ៕