(ភ្នំពេញ)៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា សមត្ថកិច្ចមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ការអនុវត្តច្បាប់ទៅលើជន ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជាកាតព្វកិច្ចចាំបាច់របស់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
លោកបានបន្តថា «នេះពុំមែនជារឿងចម្លែកសម្រាប់កម្ពុជានោះទេ ព្រោះប្រទេសប្រជាធិបតេយ្យការប្តូរអំណាចដឹកនាំត្រូវតែធ្វើតាមរយៈការបោះឆ្នោតតែមួយគត់។ សកម្មភាពចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ គឺជាអំពើឧបឃាត និងអំពើរួមគំនិតក្បត់ សម្រាប់ច្បាប់កម្ពុជា»។
លោក គឹម សន្តិភាព បានពន្យល់៣ចំណុចដូចតទៅ៖
១៖ តើអ្វីទៅជាអំពើឧបឃាត? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា?
ឧបឃាត គឺជាការប្រព្រឹត្ដអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។
អំពើខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ និងផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាល បើអំពើនេះត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។
(មាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ)
២៖ តើអ្វីទៅជាអំពើរួមគំនិតក្បត់? តើអំពើនេះប្រឈមនឹងការផ្តន្ទាទោសបែបណា?
អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្ដឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន។
អំពើខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្ដដោយអ្នករាជការសាធារណៈ។
(មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ)
៣៖ តើអ្នកដែលកំពុងជ្រុលខ្លួនចាញ់ការឃោសនាចូលរួមជាមួយក្រុមជ្រុលនិយម គេអាចរួចផុតពីទោសនេះបានដោយវិធីណា?
អ្នកអាចរួចផុតពីទោសនេះបាន តាមវិធីដកខ្លួនចេញ ចូលសារភាពជាមួយសមត្ថកិច្ច!
បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ ត្រូវលើកលែងឱ្យរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទ ប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្ដសញ្ញាណនៃ អ្នកចូលរួមដទៃទៀត។
(មាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ)៕