(សៀមរាប)៖ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាវិស័យឯកជន ដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ត្រូវពង្រឹងការគ្រប់គ្រងលើវិស័យនេះ និងគោរពតាមបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសតាមស្មារតីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។
លោក លាង មុនីរិទ្ធ ការជំរុញយ៉ាងដូច្នេះរបស់លោក លាង មុនីរិទ្ធ ក្នុងសិក្ខាសាលាស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់» នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រីជាអគ្គនាយកសំណង គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធខេត្តចំនួន ៦ រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រមាណជាង៣០០នាក់ចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក សួស សុចាន់ បានលើកឡើងថា សិក្ខាសាលា «ស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់» ដែលបានធ្វើឡើងនៅលើទឹកដីអង្គរ គឺមានសារៈដ៏សំខាន់បំផុត ដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រ ដែលដូនតាយើងបានបន្សល់ទុកនៅជាកេរ្តិ៍មរតកមកដល់ពេលនេះ។
លោកបន្តថា សម្រាប់ខេត្តសៀមរាប រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់កែលម្អ និងអភិវឌ្ឍន៍ លើវិស័យជាអាទិភាពជាច្រើន ជាពិសេស គឺវិស័យអប់រំ វិស័យការងារ ការកសាងធនធានមនុស្ស វិស័យដីធ្លី និងសំណង់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ។
លោកបានចាត់ទុកថា អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ ចំពោះមន្ទីរជំនាញ អាជ្ញាធរដែនដី និងបណ្តាក្រុមហ៊ុនដែល កំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ក្នុងខេត្តសៀមរាប ក៏ដូចខេត្តទាំង៦ ដែលបានចូលរួម ស្របពេលដែលវិស័យអចលនវត្ថុដែលមានដីធ្លី និងសំណង់ កំពុងមានសន្ទុះកើនឡើង ជាមួយគ្នានេះយើងសង្កេតឃើញថា វិស័យសំណង់នៅខេត្តសៀមរាប កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោក លាង មុនីរិទ្ធ បានបញ្ជាក់ថា វិស័យសំណង់ដែលជាវិស័យកំពុងមានការរីកចម្រើនខ្លាំង ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ដូចជា៖ ការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម។
លោកបន្តថា ដោយករណីប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ ទើបកន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវឧបករណ៍តតិយុត្ត និងវិធានការចាំបាច់មួយចំនួនទាក់ទងនឹងវិស័យសំណង់ វិស័យរដ្ឋបាលដីធ្លី និងវិស័យរៀបចំដែនដី គឺមានអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់សម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តម្រង់ទិសក្នុងការអនុវត្តលើការងារនេះផងដែរ។
ជាមួយនេះដែរ លោក លាង មុនីរិទ្ធ ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ដែលជាអ្នកធ្វើការពាក់ព័ន្ធលើវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្តាប់ និងណែនាំរបស់មន្ត្រីជំនាញ ដែលជាគ្រូឧទ្ទេស និងសូមចូលរួមជាមតិយោបល់ឲ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់យកទៅអនុវត្តការងារជាក់ស្តែងផងដែរ៕