(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានផ្ញើសាររំលែកមរណទុក្ខជូនលោក គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំពោះមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើត។
ក្នុងសារលិខិតរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានខ្លឹមសារដូចនេះថា ៖ ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំឥតឧបមា ដោយបានទទួលដំណឹងពីមរណភាពរបស់មហាឧបាសកពុទ្ធ សាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម កាលពីព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជា ឪពុក ឪពុកក្មេក ជាជីតា ជីតាទួត ដែលប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃរបស់កូនចៅ។
រូបកាយមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ និងការ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់រក្សា អប់រំទូន្មានបុត្រធីតា និងចៅៗ រហូតបានក្លាយជា កុលបុត្រ កុលធីតាប្រកបដោយគន្លងធម៌របស់សង្គមជាតិ នឹងស្ថិតស្ថេរនៅក្នុងសន្តានចិត្តឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលពោរពេញដោយទឹកចិត្តសប្បុរស មានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ហើយដែលកន្លងមកតែងតែសកម្មចូលរួមក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនាយ៉ាងទូលំទូលាយផងដែរ។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕