(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នឹងប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព ព្រំដែននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ និងស្មៀនក្នុងស្រុកសេសាន នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ជាកិច្ចព្រមព្រៀងមួយ ដែលកើតមានឡើងតាំងពីឆ្នាំ១៩៩៩មកម្លេះ នៅក្រោយពេលដែលសម្តេចតេជោ លោកបានបញ្ជប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ឆ្នាំ១៩៩៨ ហើយឆ្នាំ១៩៩៩ យើងចាប់ផ្តើធ្វើយ៉ាងណាឲ្យតំបន់ព្រំដែន នេះក្លាយជាតំបន់ព្រំដែនមានសន្តិភាព ព្រំដែននៃកិច្ចសហប្រតិបត្តិការ ព្រំដែនសេដ្ឋកិច្ច ពាណិជ្ជកម្ម។

លោកបានលើកឡើងថា ការអភិវឌ្ឍន៍នេះទៀតសោតគឺអភិវឌ្ឍន៍ នៅតាមប្រទេសនីមួយៗ តែងយើងផ្តោតមុខព្រួញ ដែលគោលបំណងទៅជាព្រំដែន ដែលមានសន្តិភាព ដែលឈានទៅដល់ការលុបបំបាត់ ការជួញដូគ្រឿង ញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអំពើរត់ពន្ធជួញដូរផ្សេងៗទៀត។

លោក សរ សុពុត្រា បានបន្តថា រាជរដ្ឋាភិបាលមិនអនុញ្ញាត ឲ្យមានការបង្កអសន្តិសុខណាមួយកើតឡើងឡើយ ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រួចហើយថា «ងើបមួយវៃមួយ ហើយមិនអនុញ្ញាត ឲ្យក្រុមណា ឬបក្សពួកណាមួយ បំផ្លាញសុខសន្តិភាពប្រជាជនកម្ពុជាបានឡើយ»

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមកុំឲ្យជឿតាមការញុះញុង របស់ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលនៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល បង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕