(ភ្នំពេញ)៖ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានបញ្ជាក់គោលជំហររបស់ខ្លួនជាថ្មីម្តងទៀតថា សមាជិក ស.ស.យ.ក បានត្រៀមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាជារួចជាស្រេចហើយ ក្នុងការថែរក្សាស្ថិរភាព គាំទ្រការអភិវឌ្ឍន៍កម្ពុជា និងពង្រីកឱកាសជាច្រើនថែមទៀត សម្រាប់យុវជនកម្ពុជាគ្រប់រូប ក្នុងការអភិវឌ្ឍខ្លួនឯង និងក្លាយជាកម្លាំងបន្តវេនពិតប្រាកដរបស់ប្រទេសជាតិ។

ការលើកឡើងរបស់​ ស.ស.យ.ក នាពេលនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់គណៈកម្មាធិការកណ្តាលរបស់ ស.ស.យ.ក រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីពិភាក្សាអនុម័តរបាយការណ៍ស្តីពីសកម្មភាពការងារកន្លងមក និងលើកទិសដៅការងារឆ្នាំ២០១៧នៅពេលខាងមុខ។ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងសមាជិកសមាជិកជាច្រើននាក់ទៀត។

កិច្ចប្រជុំនាពេលនោះ ក៏ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ ក្រោមស្មារតីគ្រួសារតែមួយ ព្រមទាំងបានបោះឆ្នោតបន្ថែមអនុប្រធាន ស.ស.យ.ក មួយរូប និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក ចំនួន២១រូបផងដែរ៕