(រតនគិរី)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការចូលរួមជួយដោះស្រាយបញ្ហាអប់រំសម្រាប់កុមារ និងយុវជន ជាពិសេសកុមារជនជាតិដើមភាគតិចរស់នៅតាមសហគមន៍ដាច់ស្រយាល ជាកិច្ចការដែលក្រសួងក្រសួងអប់រំ នៃបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន កំពុងយកចិត្តទុកដាក់ខ្លាំង និងបានធ្វើសេចក្តីថ្លែងការណ៍រួម ដើម្បីពង្រឹងការអប់រំ សម្រាប់កុមារ និងយុវជនក្រៅសាលានៅក្នុងតំបន់។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៅខេត្តរតនគិរី ប្រមាណ ២៦៣នាក់។
នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានសម្តែងនូវអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកគ្រូ អ្នកគ្រូដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការ កំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ដូចពេលនេះ ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈមោះមុតខ្ពស់ និងមិនរាថយក្នុងការជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានផែនការដ៏ជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រដល់ការសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
ស្របពេលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកំណែទម្រង់កម្មវិធីគោលនយោបាយស៊ីជម្រៅឆ្លើយតបនឹង បរិបទសង្គមកម្ពុជា តំបន់ និងសកលលោកនោះ គឺការផ្តល់នូវពលរដ្ឋដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងភាពស្ទាត់ជំនាញនៃការងារយ៉ាងពិតប្រាកដ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្តថា ជាមួយភាពរីករាយនៃលទ្ធផលដែលយើងសម្រេចបាននាឆ្នាំកន្លងដ៏ត្រចះត្រចង់ យើងក៏នៅមានកិច្ចការជាច្រើនដែលទាមទាឱ្យខិតខំបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី មានលទ្ធភាពទទួលបាននូវសេវាអប់រំ សមធម៌ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានរស់នៅក្នុងមោទនភាព សេចក្តីថ្លៃថ្នូរ សីលធម៌ គុណ ធម៌ ពេញដោយចំណេះដឹង និងជំនាញពិតប្រាកដ។
ក្រសួងបានបន្តការអនុវត្តកំណែទម្រង់វិស័យអប់រំ រួមមាន៖ ការរៀបចំសាសារៀនស្តង់ដារគំរូ, សហគមន៍សាលារៀន, ការប្រកួតប្រជែង ការផ្តល់សេវាសាធារណៈគំរូ, ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ, ការពង្រាយគ្រូបង្រៀន, កំណែទម្រង់មជ្ឈមណ្ឌល បណ្តុះបណ្តាលគ្រូ,ការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន, ការងារអធិការកិច្ច, ការវាយតម្លៃការសិក្សា, កំណែទម្រង់កម្មវិធិក្សា និងសៀវភៅសិក្សាគោល, ការសាងសង់អគារសិក្សា និងជួសជុល, ការវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា, ការលើកកម្ពស់វិស័យកីឡា, ការអនុវត្តផែនការសកម្មភាពគោលនយបាយយុវជន, ការអប់រំ បច្ចេកទេស, ការបង្កើតសាលារៀនជំនាន់ថ្មី, រៀបចំគន្លងអាជីព និងការបណ្តុះបណ្តាលគ្រូ។
ដូចនេះទាំងអស់គ្នាត្រូវចាប់ដៃគ្នាសិក្សារៀនសូត្រ ដកស្រង់បច្ចេកទេស បទពិសោធន៍ ជំនាញថ្មីៗ ប្រកបដោយសុឆន្ទៈខ្ពស់ ដើម្បីដោះស្រាយសំណូមពរសិក្សារៀនសូត្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សា នុសិស្ស យុវជន ឱ្យមានចំណេះដឹង ជំនាញបំណិន ដែលឆ្លើយនឹងទីផ្សារការងារក្នុងស្រុក, តំបន់ និង សកលលោក៕