(សៀមរាប)៖ លោក សរ ចំរុង ប្រធានគណៈកម្មការទី១ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា បានស្នើរដល់អាជ្ញាធរខេត្តសៀមរាប ជួយពន្លឿនការងារដោះស្រាយបញ្ហាវិវាទដីធ្លី ធ្វើយ៉ាងណាឲ្យការងារស្រាយនេះ បញ្ចប់ទៅដោយរលូន។ លោកក៏បានផ្តោតទៅលើបញ្ហា ក្មេងទំនើង គ្រឿងញៀន និងការគ្រប់គ្រងពន្ធ័នាគារ ហើយពិរុទ្ទជននៃបទល្មើសជាច្រើន ព្រមទាំងនីតិវិធីដោះស្រាយក្រៅប្រព័ន្ធតុលាការ ទៅលើវិវាទដីធ្លី របស់រដ្ឋបាលខេត្ត។
ការស្នើរយ៉ាងដូច្នេះរបស់លោក សរ ចំរុង ក្នុងជំនួបជួបប្រជុំ និងពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដើម្បីធ្វើការស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត ដោយមានការចូលរួមពីប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា និងថ្នាក់ដឹកនាំក្នុងខេត្តផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា ខេត្តសៀមរាបមានផ្ទៃដីសរុប ១០.២៩៩,៤៣គីឡូម៉ែត្រក្រឡា ដែលមានទាំងប្រភេទដីកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈ ដោយដីជាកម្មសិទ្ធិសាធារណៈមានអាជ្ញាធរកាន់កាប់ដីរដ្ឋ មានដូចជា៖ អាជ្ញាធរជាតិអប្សរា, អាជ្ញាធរទន្លេសាប, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម, ក្រសួងធនធានទឹក, ក្រសួងវប្បធម៌, ក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម ដែលកាន់កាប់ដីសាធារណៈរបស់រដ្ឋ ដូចមានកំណត់ក្នុងមាត្រា ១៥ នៃច្បាប់ភូមិបាលឆ្នាំ២០០១។ ភាគច្រើនដីរដ្ឋ និងដីប្រជាពលរដ្ឋម្នាក់ៗ មិនទាន់បានចុះបញ្ជីដីធ្លីឲ្យបានគ្រប់ក្បាលដីនៅឡើយ ដែលជាហេតុបង្កឱ្យមាននូវវិវាទកាន់កាប់ដីធ្លី និងព្រំប្រទល់រវាងកម្មសិទ្ធិករដែលជាប់ព្រំគ្នា។
លោកបន្តថា ចំពោះលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីគិតមកទល់ពេលនេះ ក្រុមការងារបានទទួលបណ្ដឹងចំនួន ៤៩២ករណី ដោះស្រាយចប់រួចរាល់ចំនួន ៣៣៥ករណី និង១៥៨ករណីទៀត កំពុងបន្តពិនិត្យដោះស្រាយ ដែលជាករណីទាមទារសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋលើដីរដ្ឋ និងករណីវិវាទទាមទារសិទ្ធិដីធ្លីរវាងភាគីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។
លោក អ៊ឹង គឹមលាង បានបន្តថា ក្រុមការងារក៏នៅជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនទៀត ហើយដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នឹងបន្តពង្រឹងតួនាទីភារកិច្ច និងយន្តការនៃការដោះស្រាយវិវាទដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព, ជំរុញការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យបានរួចរាល់គ្រប់ក្បាលដីនៅបំណាច់ឆ្នាំ២០២៥, បន្តផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ, ទប់ស្កាត់ បង្ក្រាប និងចាត់វិធានការចំពោះជនល្មើសរំលោភកាន់កាប់ដីរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស។
លោក សរ ចំរុង បានលើកឡើកអំពីភារកិច្ចសំខាន់ៗរបស់រដ្ឋសភា មានដូចជា៖ ការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋ ព្រមទាំងបានលើកពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តសៀមរាប ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។
លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់។
លោក សរ ចំរុង បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ មានចំនួន ៣៥រឿង អន្តរគមន៍ពាក្យបណ្តឹងចំនួន ១៦រឿង ពាក្យបណ្តឹងកំពុងពិនិត្យចំនួន១៩រឿង និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ៣រឿងផងដែរ៕