(កណ្តាល)៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្រុមការអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងក្រុមការងារបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបានជួបពិភាក្សាការងាររៀបចំសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សិក្ខាកាម និស្សិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជម្រាបជូនពីគោលបំណងនៃជំនួបនូវការងារមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងវិសាលភាពនៃការងារផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀនឱ្យបានទូលំទូលាយជ្រៀតចូលដល់មហាជនគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យឆ្លើយតបទៅនឹងឆន្ទ:រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនគឺជាការងារ អាទិភាពមួយក្នុងចំណោមការងារអាទិភាពមួយចំនួនទៀតដើម្បីដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនក្នុងនោះការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនត្រូវបានចាត់ទុកជាវិធានការអាទិភាពឱ្យមានការចូលរួមសកម្មផុលផុសពីក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងនាមនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធាន បានថ្លែងអំណរគុណ និងទទួលយកនូវសំណូមពរដែលបានលើកឡើងដោយតំណាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឱ្យក្រុមការងារបង្កើតក្រុមតេឡេក្រាមដើម្បីពិភាក្សាការងារលម្អិតពីការរៀបចំដើម្បីឱ្យរាល់សំណូមពរត្រូវបានសហការរៀបចំដោយរលូននិងជោគជ័យ៕