(ព្រះសីហនុ)៖ លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត បានអញ្ជើញអមដំណើរចុះពិនិត្យមណ្ឌលដែលត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងពិនិត្យការរៀបចំបរិស្ថាននៅសាលាមត្តេយ្យសិក្សាធនធាន ហ៊ុន សែន ព្រៃនប់។
ដំណើរចុះពិនិត្យមណ្ឌលដែលត្រៀមរៀបចំការប្រឡង ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីរាជការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
លោកអភិបាលរងខេត្តបានឲ្យដឹងថា ចំពោះមណ្ឌលដែលត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥មណ្ឌល មានដូចជា៖
*វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុង
*អនុវិទ្យាល័យ តេជោសែន កម្មករ
*វិទ្យាល័យ ហ៊ុន សែន មិត្តភាព
*វិទ្យាល័យ ហ៊ុន សែន វាលរេញ និង
*សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕