(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញពីជំនឿ និងមានសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ) និងកម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងរីកសាយភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក នៅក្នុងនោះ នៅឆ្នាំ២០២៥ កម្ពុជាអាចនឹងមានភាពស្អាតមិនបំពុលដោយថង់ប្លាស្ទិក។
លោក អ៊ាង សុផល្លែត បានបង្ហាញជំនឿយ៉ាងដូចនេះនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសដែលលោកបានដឹកនាំបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ប្លាស្ទិក ដល់កម្មករ និយោជិកជាង១០០០នាក់ មកពីតាមបណ្តារោងចក្រសហគ្រាសប្រមាណចំនួន ៦០៥រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ ។
លោក អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាចំណែកព្យាបាលពីការបំពុលដោយថង់ប្លាស្ទិក ដោយក្នុងនោះផ្តើមចេញពីយើងទាំងអស់គ្នា។ យុទ្ធនាការនេះដែរនឹងរីកសាយភាយ ទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យផ្ទះយើងស្អាត ប្រទេសយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគនានាឱ្យមកវិនិយោគនៅក្នុងប្រទេសយើងឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរលោក អ៊ាង សុផល្លែត ក៏បានបង្ហាញក្តីរំពឹងដូចនេះថា «យុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងទទួលបានជោគជ័យត្រឹមរយៈពេល១ឆ្នាំ គឺឆ្នាំ២០២៥។ ក្នុងនាមក្រសួងបរិស្ថាន លោកនឹង ព្យាយាមធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចេញមកសម្អាតបរិស្ថាន រើសសំរាម ជុំវិញផ្ទះ សាលារៀន មន្ទីរពេទ្យ វត្តអារាម គ្រឹះស្ថាន រោងចក្រ សហគ្រាសយ៉ាងហោចណាស់ម្តង ឬ៣ដងក្នុង១ឆ្នាំ នោះនឹងធ្វើឱ្យកម្ពុជាស្អាត។
លោក អ៊ាង សុផល្លែត បានបន្ថែមថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិកប្រមាណជា៧៥ភាគរយ តាមរយៈការដាក់ចេញនូវយុទ្ធនាការនានា ហើយទន្ទឹមនឹងយុទ្ធនាការនេះ នឹងធ្វើឱ្យកម្ពុជាអាចបន្ថយការបំពុលដោយថង់ប្លាស្ទិកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
លោក អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយនិងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាពក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងនៅកម្ពុជា៕