(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ការចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រខាងលើនេះ លោកទាំងពីរ និងក្រុមការងារ បានប្រទះឃើញមានបទល្មើសនេសាទមួយចំនួនដែលត្រូវបានគេលួចដាក់នៅក្នុងរដូវបិទនេសាទស្ថិតនៅចំណុចកំពុងព្រះ ឃុំឆ្លុកទ្រូ ស្រុកបរិបូណ៌ ដោយឃើញមានការប្រើឧបករណ៍ទាំងសាច់អួនក្រឡាញឹក និងក្រឡារង្វើល ដោយឡែករបាំងលបមួយចំនួនក៏មានដាក់លើសប្រវែងដែលច្បាប់កំណត់នៅក្នុងរដូវបិទនេសាទនេះផងដែរ។
អភិបាលខេត្ត និងព្រះរាជអាជ្ញា បានសហការគ្នាចុះពិនិត្យអំពីសកម្មភាពបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខាងលើនេះដោយផ្ទាល់ គឺបន្ទាប់ពីលោកបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
អភិបាលខេត្ត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ដែលបានចុះទៅជាមួយក្រុមការងាររបស់លោកដែរនោះឱ្យដឹងថា លោកឲ្យចុះរុះរើ និងដុតបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ នៅនឹងកន្លែងតែម្ដង ដោយធ្វើយ៉ាងណាបង្ក្រាបឲ្យអស់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាកំហិតដោយមិនឲ្យនៅមានសេះសល់នោះឡើយ ហើយត្រូវថតរូបភាពអំពីសកម្មភាពការដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ខាងលើនេះផ្ញើជូនលោកវិញផង។
ប្រជាពលរដ្ឋដែលបានធ្វើការនេសាទជាលក្ខណៈគ្រួសារនៅតំបន់នោះ បានសាទរយ៉ាងក្រៃលែងចំពោះដំណើរចុះពិនិត្យអំពីសកម្មភាពបទល្មើសនេសាទរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថែមទាំងបានបញ្ជាយ៉ាងដាច់ណាត់ដល់មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះធ្វើការបង្ក្រាប និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនិងកន្លែង រួចត្រូថតរូបភាពបង្ហាញភស្តុតាងជូនដល់ លោកវិញ។
លោកក៏បានណែនាំដល់ប្រជានេសាទទាំងអស់ ដោយសូមមេត្តាកុំធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសដែលច្បាប់បានហាម ឃាត់នៅក្នុងរដូវបិទនេសាទនេះ៕