(សៀមរាប)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានចុះផ្សព្វផ្សាយ និងរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេល ៣០ឆ្នាំ ដែលដឹកនាំដោយលោក ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូនដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ស្នងការខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត រួមនឹងសមាសភាពពាក់ព័ន្ធជាចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ី សោភា បានរំលេចនូវសមិទ្ធផលសារសំខាន់ៗ នៃធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំនេះ និងបទបង្ហាញជុំវិញប្រធានបទនៃការផ្សព្វផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួម របស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។
លោកបន្តថា សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ «ជាតិ សាសនា ព្រះមហាក្សត្រ» អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ» ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។
លោក ហ៊ី សោភា បានលើកឡើងថា ក្នុងការដោះស្រាយបញ្ហានយោបាយ និងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឲ្យរដ្ឋធម្មនុញ្ញនេះ និងរបបនយោបាយ មានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ «ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣»។
លោក ហ៊ី សោភា បន្តថា កម្ពុជាសម្រេចបានលទ្ធផលវិជ្ជមាន «ភាពសុខដុមរមនាក្នុងសង្គម»។ ដូច្នេះផ្អែកលើបទពិសោធន៍ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣ រួមមាន៖ ១- កត្តាមោទនភាពជាតិ, ២- កត្តាសុខដុមនីយកម្មសង្គម, ៣- កត្តាឥទ្ធិពលនៃជំនឿផ្សេងៗ
លោកបានបញ្ជាក់ពីគោលការណ៍គ្រឹះនៃច្បាប់ ក្នុងរយៈពេល៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានធ្វើវិសោធនកម្ម ១០លើកមកហើយ និងបង្កើតច្បាប់ធម្មនុញបន្ថែមមួយចំនួន ដោយធ្វើវិសោធនកម្ម ស្របតាមនីតិវិធីកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម និង តាមរយៈការចរចាក្នុងស្មារតីបង្រួបបង្រួម ផ្សះផ្សាជាតិ ដោយធានាការគោរពលទ្ធផលបោះឆ្នោត ក្នុងគោលដៅសំខាន់បំផុតសម្រាប់ដំណើរទៅមុខជាប្រក្រតីរបស់ប្រទេសជាតិ។
លោកបន្តថា ការធ្វើវិសោអនកម្មទី១០ មានផលវិជ្ជមានលើស្ថាប័ននីតិប្រតិបត្តិ បានធានាឲ្យស្ថាប័ន កំពូលជាតិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន ប្រកដោយ និរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារថែរក្សាបាននូសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិ គ្រប់កាលៈទេសៈ ដើមី្បជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរ។
លោក ហ៊ី សោភា បានបញ្ជាក់ថា ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំនេះ កម្ពុជាសម្រេចបានសមិទ្ធផលថ្លៃថ្លា រួមមាន៖ ១- ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស។ ២- ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោ បាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ ៣- ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល។ ៤- ប្រជាពលរដ្ឋជាម្ចាស់វាសនា នៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រសើរផងដែរ៕