(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានទាំង១៣ក្រុងស្រុក ត្រូវប្រមូលផ្ដុំ កម្លាំងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីបែងចែកការងារក្នុងការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ពិសេសដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។
ថ្លែងចំពោះមុខមន្ត្រី កងកម្លាំងទាំង៣ នៃស្រុកលើកដែក, លោកអភិបាលខេត្ត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យបន្តល្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងយកចិត្តទុកដាក់ ស្វែងយល់ និងការគ្រប់គ្រងភាពជាម្ចាស់នៅលើទឹកដីរបស់យើង ដោយត្រូវមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង។ ពិសេសត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី នៅតាមតំបន់ព្រំដែន ទៅឱ្យប្រជាពលរដ្ឋនៅប្រទេសជិតខាងឡើយ។
លោកអភិបាលខេត្ត ក៏មិនភ្លេចការណែនាំរដ្ឋបាលស្រុកលើកដែក ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែយើងត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។
លោកអភិបាលខេត្ត ក៏បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (DTA)។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរិតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។
លោកអភិបាលខេត្ត ស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស ដើម្បីភាពថ្កុំថ្កើងយូរអង្វែងតទៅរបស់យើងទាំងអស់គ្នា៕