(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី និងអភិរក្ស ចំនួន ៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោក-លោកស្រី ជារដ្ឋលេខាធិការនៃក្រសួង-ស្ថាប័ន តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មការទទួលស្គាល់កម្រិតសិក្សា គណៈគ្រប់គ្រងសាកលវិទ្យាល័យ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ព្រមទាំងនិស្សិតដែលបានទទួលជ័យលាភី។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការអប់រំគ្រប់រូបភាព ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនមែនផ្លូវការ ជាមធ្យោបាយស័ក្ដិសិទ្ធិ ក្នុងការធានាឲ្យមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នា។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសម្តែងការរីករាយ និងចូលរួមអបអរសាទរ ដល់ប្អូនៗ ដែលបានតស៊ូពុះពារ ខិតខំប្រឹងប្រែង ការលំបាកនានា ក្នុងការសិក្សារៀនសូត្រ រហូតសម្រេចបានជោគជ័យ និងទទួលសញ្ញាបត្រនាពេលនេះ។
បន្ថែមពីនេះ បន្ទាប់ពីបានស្តាប់បទរាយការណ៍ពីប្រវត្តិ និងសមិទ្ធផល ដែលសាកលវិទ្យាល័យអន្តរជាតិ បានសម្រចបាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ស្ថាបនិក ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលជាសាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការបណ្តុះបណ្តាលនិស្សិត ប្រកបដោយគុណភាព និងសមត្ថភាព ជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំ កម្រិតឧត្តមសិក្សានៅកម្ពុជា។
លោកសាស្ដ្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្ដរជាតិ បានឲ្យដឹងថា ដើម្បីលើកកម្ពស់គុណភាពអប់រំ សាកលវិទ្យាល័យ អន្តរជាតិ បានខិតខំធ្វើកិច្ចសហប្រតិបត្ដិការក្នុងក្របខណ្ឌជាតិអន្តរជាតិ និងដៃគូអភិវឌ្ឍជាច្រើន រួមមាន៖
* ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងព័ត៌មាន, ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ, រាជបណ្ឌិតសភាកម្ពុជា, ធនាគាពិភពលោក, EU និងស្ថានទូតមួយចំនួនដូចជា៖ ស្ថានទូតឥណ្ឌា ស្ថានទូតជប៉ុន ស្ថានទូតកូរ៉េ -ល-។
បើតាមការបញ្ជាក់របស់បណ្ឌិត សាបូ អូហ្សាណូ, អត្រានិស្សិតសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្នមាន៖ និស្សិតកំពុងសិក្សាចំនួន ៣៩៣៥នាក់ ស្រី២១៤៤នាក់ និងនិស្សិតបញ្ចប់ការសិក្សា ចំនួន១២០៨៣នាក់ ស្រី៤៤០២នាក់។
និស្សិតរបស់សាកលវិទ្យាល័យ អន្តរជាតិ ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ត្រូវបានទីផ្សារការងារទទួលយក ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ រហូតបច្ចុប្បន្ន សម្រាប់និស្សិតមានការងារ មានចំនួន ៧៦ភាគរយ និងនិស្សតិប្រកបមុខរបរខ្លួនឯង មានចំនួន២៤ភាគរយ និងនិស្សិតដែលធ្វើការត្រូវជំនាញមានចំនួន៨៦ ភាគរយ និងមិនត្រូវជំនាញ១៤ភាគរយ៕