(រតនគិរី)៖ ដើម្បីចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ និងអាណាចក្រឲ្យកាន់តែរីកចំរើន ក្រោមការណែនាំពីលោក ញ៉ែម សំអឿន ប្រធានគណបក្សប្រជាជនខេត្តរតនគិរី និងលោក ធូ ឃឿ ប្រធានគណបក្សប្រជាជនក្រុងបានលុង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ប៊ី ជីវ័នតារា អនុប្រធានគណបក្សប្រជាជនក្រុងបានលុង និងលោក ម៉ម ប៊ុនរិទ្ធ ប្រធានក្រុមហ៊ុនជុំមរកត បាននាំយកថ្មចាក់បេតុង ថ្មល្អិត និងរថយន្តលាយបេតុង១គ្រឿង ប្រគេនព្រះតេជគុណជីន ជ្រិនចៅអធិការ វត្តឧត្តមរតនារាមហៅវត្តអូរចេង ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ប៊ី ជីវ័នតារា បានថ្លែងថា ដើម្បីភាពងាយស្រួលឲ្យពុទ្ធបរិស័ទ្ធផ្លូវធ្វើដំណើរចូលទីអារាមធ្វើបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ទើបថ្នាក់នាំគណបក្សប្រជាជន ឲ្យរូបលោកដឹកនាំក្រុមការងារប្រគេនសម្ភារ និងរថយន្តលាយបេតុងសម្រាប់សាងសង់ផ្លូវធ្វើដំណើរចូលទីអារាមនេះ។
លោកថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី តែងតែយកចិត្តទុកដាក់ប្រគេនទេយ្យទាន និងបច្ច័យគ្រប់វត្តទាំងអស់ក្នុងខេត្តមិនឲ្យព្រះសង្ឃអង្គណាខ្វះចង្ហាន់នោះទេ។ ព្រះតេជគុណ ជីន ជ្រិន មានសង្ឃដីកាថា ព្រះអង្គគង់ជាចៅអធិការ វត្តឧត្តមរតនារាម ហៅវត្តអូរចេងចំនួន១៤ព្រះវស្សា ការកសាងវត្តមានការរីកចំរើន ដោយមានទឹកចិត្តសទ្ធាជ្រះថ្លាពីថ្នាក់ដឹកនាំគណបក្សប្រជានគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនជិតឆ្ងាយ។
ព្រះតេជគុណមានសង្ឃដីកាបន្តថា ការសាងសង់ផ្លូវបេតុងនេះមានប្រវែង១៤០ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្រាស់១,៥តឹក។ ក្នុងនោះលោក ប៊ី ជីវ័នតារា ប្រគេនថ្មចាក់បេតុងចំនួន៥០ម៉ែត្រគូប ថ្មល្អិតចំនួន១៥ឡាន គិតជាទឹកប្រាក់ចំនួន ៥,០០០ដុល្លារ និងលោក ម៉ម ប៊ុនរិទ្ធ ប្រធានក្រុមហ៊ុនជុំមរកត ជូនរថយន្តលាយបេតុង១គ្រឿង គិតជាទឹកប្រាក់ចំនួន ៣,០០០ដុល្លារ។
ព្រះតេជគុណ ជីន ជ្រិន សុំបិណ្ឌបាត្រដល់សប្បុរសជនដទៃទៀត ដែលមានសទ្ធាជ្រះថ្លាចូលរួមចាប់មគ្គផលសាងសង់ផ្លូវបេតុងក្នុងទីអារាមនេះ ទោះចំនួន១ម៉ែត្រការ៉េក្តី ២ម៉ែត្រការ៉េក្តី អាចចូលរួមបានគឺក្នុង១ម៉ែត្រការ៉េតម្លៃ១០ម៉ឺនរៀល៕