(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់កិច្ចសហការដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់បទបង្ហាញក្នុងសិក្ខាសាលាស្ដីពីការពង្រឹង និងជំរុញការអនុវត្តប្រកាសលេខ០៨៦ ប្រកាសលេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ ទៅដល់ម្ចាស់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត និងបានផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាលដល់ជនបង្គោល មិត្តអប់រំមិត្ត ពីជំងឺអេដស៍និងគ្រឿងញៀន។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព ពង្រឹងការងារផ្សព្វផ្សាយបន្តដល់កម្មករនិយោជិត នៅតាមគ្រឹះស្ថានផ្នែកសេវាកម្សាន្ត ។

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់ App Nodrug៖https://nodrugsnacd.com/download

ថ្លែងក្នុងនាម លោក ហេង សួរ រដ្ឋមន្រ្តី ក្នុងឱកាសនោះ លោក ហ៊ុយ ហានសុង បានថ្លែងអំណរគុណដល់គ្រប់ភាគី ដែលបានផ្តល់កិច្ចសហការធ្វើឲ្យមានវឌ្ឍនភាព ពីការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀនតាមខ្លឹមសារប្រកាសលេខ ០៨៦ ប្រកាសលេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកក៏បានផ្តាំផ្ញើឲ្យជនបង្គោល ដែលទទួលបានពង្រឹងសមត្ថភាពនាពេលនេះ ត្រូវតែពង្រីកការផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ជាបុគ្គលិករួមការងារគ្រឹះស្ថានផ្នែកសេវាកម្សាន្ត ដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន-អេដស៍ ពិសេសចូលរួមធ្វើឲ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាអាទិភាពឆ្លើយតបកង្វល់ប្រជាពលរដ្ឋ៕