(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានចូលរួមជាអធិបតីនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃខេត្តសៀមរាប អង្គរដ៏អច្ឆរិយៈរបស់កម្ពុជា។ សម្តេចតិត្តិសង្គហបណ្ឌិត បានចាត់ទុកថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលសមាគមសិល្បករយើងបានរៀបចំឡើងនាឱកាសនេះ ជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹម នៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអារ្យធម៌ដ៏រុងរឿង របស់បុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាយើង។
ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រួមជាមួយបងប្អូនសិល្បករ-សិល្បការិនី ដែលបានខិតខំចូលរួម និងសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការបង្កើតនូវស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈ បង្កើននូវបរិយាកាសនិងស្នាមញញឹមដល់ភ្ញៀវទេសចរនានា ដែលអញ្ជើញមកទស្សនានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅនៃការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជម្រុញវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យងើបឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជជំងឺកូវីដ១៩។
សម្ដេចកិត្តិសង្គហបណ្ឌិត ក៏ថ្លែងអំពាវនាវ សូមប្រើប្រាស់នូវកេរដំណែលអរិយធម៌ ប្រកបដោយស្មារតី គោរពដឹងគុណ និងសីលធម៌ខ្ពស់ ជាទុនវិនិយោគប្រចាំថ្ងៃរបស់បងប្អូន ដើម្បីចងមិត្ត ចងចិត្តអតិថិជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមួយភាពច្នៃប្រឌិត និងគុណភាពជាមួយតម្លៃសមរម្យ សម្រាប់មុខរបរទទួលទានរបស់បងប្អូន ដែលទាំងនេះជាគន្លឹះនៃនិរន្តរភាព ក៏ដូចជាការទាក់ទាញចិត្ត ភ្ញៀវទេសចរឱ្យបន្តចូលមកកម្សាន្ត នៅក្នុងប្រទេសយើងបន្តទៀត ដោយត្រូវគិតទាំងបរិមាណ និងគុណភាពស្របតាមប្រសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបុណ្យទន្លេលើកទី៨ ខេត្តសៀមរាប ដែលបានសង្កត់ធ្ងន់ថា «បើនិយាយពីវិស័យទេសចរណ៍ យើងត្រូវគិតទាំងបរិមាណ និងគុណភាពទេសចរណ៍ ដោយផ្សាភ្ជាប់រវាងបេតិកភណ្ឌ និងភាពអំណោយផលសហគមន៍» ដែលមានន័យថា បន្ថែមពីលើបរិមាណនៃចំនួនទេសចរ យើងក៏ត្រូវគិតគូអំពីគុណភាព ពោលគឺចំនួនពេលវេលាទេសចរម្នាក់ៗចំណាយនៅកម្ពុជា។
ចំណុចនេះពាក់ព័ន្ធមិនត្រឹមតែផលិតផលបេតិកភណ្ឌទេ តែគឺបេតិកភណ្ឌរួមផ្សំជាមួយនឹងផលិតផលផ្សេងៗទៀត ដែលមានភាពសម្បូរបែប ជាពិសេសគឺភ្ជាប់ជាមួយនឹងលក្ខណៈអំណោយផលរបស់សហគមន៍ មិនថានៅទីជិត ឬទីឆ្ងាយណាក៏ដោយ ដែលមានសក្តានុពល ជាតំណភ្ជាប់នៃការអភិវឌ្ឍដ៏ល្អ ដែលយើងបានធ្វើនិងកំពុងបន្តធ្វើ ក្រោមម្លប់នៃសុខសន្តិភាព ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនានាក្នុងការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះឡើង ដែលពិតជាបានរួមចំណែក និងឆ្លើយតបទៅនឹងយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយវិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប។
សម្ដេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រៀបចំឱ្យកម្មវិធីប្រកបដោយអត្ថន័យនេះជាច្រើនទៀត ដោយឈរលើគោលការណ៍ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស ដោយរួមគ្នាជាបាច់ជាមួយស្ថាប័នរដ្ឋ ឯកជន និងអ្នកពាក់ព័ន្ធគ្រប់ៗរូប ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើង សំដៅរួមចំណែកការបង្កើនការងារ, ប្រាក់ចំណូល, ការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»៕