(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសមិនអនុញ្ញាតច្បាប់ ចំពោះល្បែងផ្សងសំណាង ដែលហួសសុពលភាពទៀតនោះឡើយ ព្រោះថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយហើយ គឺឈប់ចេញអាជ្ញាប័ណ្ណឲ្យតទៅទៀត។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំដាក់ចេញវិធានការក្ដៅ ថ្ងៃមុនខ្ញុំឲ្យបិទអាជ្ញាប័ណ្ណល្បែងស៊ីសង ហើយបានចេញមកទៀត សុំអាជ្ញាប័ណ្ណ ខ្ញុំបានឲ្យបិទ ប្រមាណពាន់កន្លែង [...] គោលនយោបាយរបស់យើង យើងបានបិទឈប់ចេញអាជ្ញាប័ណ្ណ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជាទៀតនោះទេ ព្រោះថា ល្បែងផ្សងសំណាងទាំងអស់នេះ វាបង្កការបញ្ហាដល់ជីវភាព របស់ប្រជាពលរដ្ឋ។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ សម្ដេចបានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេស។
ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន នៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕